រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ពិភាក្សា​គ្នា​ស្វែងរក​គន្លឹះ​ជំរុញ​ផលិតភាព​ និង​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ផលិត​ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ និង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ អង្គភាព​គ្រប់គ្រង​គម្រោ​ងសា្រ​វជ្រា​វ ដើម្បី​គាំទ្រ​ការវិភាគ​វិ​ស័យ​កសិ​កកម្ម​ ក្នុង​ក្របខណ្ឌ​ ASPIRE​ នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្វែងរក​បញ្ហា​ប្រឈម​ និង​ដំណោះ​ ដើម្បី​អាច​ទទួល​បាន​លទ្ធ​ផលល្ព​ប្រសើរ​។

នៅក្នុង​កិច្ចសិក្សា​ពិគ្រោះ​យោបល់​ ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​ ហ៊ី​ម៉ា​វ៉ា​រី​ មានការ​ចូលរួម​ពីសំណាក់​មន្ត្រី​ជាន់ខ្ពស់​មក​ពី​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ ដូចជា​ក្រសួង​កសិកម្ម​ ក្រសួង​ធនធានទឹក​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អ្នកតំណាង​ធនាគារ​ ADB​ ក្រុមហ៊ុន​វិស័យ​ឯកជន​ ក៏ដូចជា​អ្នកតំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។

ប្រធានបទ​ដែល​បាន​លើកយក​មក​ធ្វើ​កិច្ចពិភាក្សា​ នៅក្នុង​ពិធី​នេះ​ ផ្តោត​សំខាន់​ទៅលើ​លទ្ធភាព​នៃ​ការផលិត​កសិផល​ និង​ឱកាស​នៃ​ការនាំចេញ​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែល​កំពុងតែ​ជួប​ភាព​ប្រឈម​ ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការប្រកួត​ប្រជែង​ ជាពិសេស​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ដូចជា​ប្រទេស​វៀតណាម​ ថៃ​ តួ​គី​ ជាដើម​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​ទទួលស្គាល់​ពី​លទ្ធភាព​ ក្នុង​ការផលិត​កសិផល​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​សម្រាប់​នាំចេញ​ទៅក្រៅ​ប្រទេស​ពិតជា​មាន​ភាព​ខ្វះខាត​ច្រើន​ ដែល​ត្រូវតែ​មាន​វិធានការ​ដោះស្រាយ​។

លោក​បាន​មានប្រសាសន៍​ថា​ “ការផលិត​របស់​យើង​ គឺ​នៅ​មានកម្រិត​នៅឡើយ​ ដែល​មិនទាន់​អាច​នឹង​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​នោះ​ទេ​ ដែល​ខុសពី​ប្រទេសជិតខាង​មួយចំនួន​ដូចជា​ វៀតណាម​ និង​ថៃ​ កសិកម្ម​រប​សើ​គេ​គឺ​អាច​ធានា​កំណើន​សេដ្ឋកិច្ច​បាន​មួយ​ផ្នែក​”។ លោក​បាន​បន្ត​ទៀត​ថា​ “បញ្ហា​ចម្បង​ដែល​ជា​ឧបសគ្គ​នៅក្នុង​វិស័យ​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​កត្តា​សំខាន់​ចំនួន​ដូចជា​ ការប្រើ​ប្រាស់​ដី​នៅ​មិនទាន់​អស់​លទ្ធភាព​ បញ្ហា​ធារាសាស្ត្រ​ ដែល​នៅ​មិនទាន់​ស៊ីចង្វាក់​នឹងគ្នា​នៅឡើយ​ ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​មានកម្រិត​ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន​”។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ការនាំចេញ​ផលិតផល​កសិផល​នៅពេល​បច្ចុប្បន្ន​នេះ​ គឺ​មានការ​ប្រកួតប្រជែង​គ្នា​នៅក្នុង​តំបន់​យ៉ាង​ខ្លាំង​។ បញ្ហា​បច្ចេកទេស​ និង​បញ្ហា​ពូជ​វា​មិនមែន​ជា​ឧបសគ្គ​នោះ​ទេ​ ប៉ុន្តែ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ត្រូវ​បាន​កំណត់​ពី​លក្ខខណ្ឌ​ជាច្រើន​ ជាពិសេស​កម្រិត​គុណ​ភា​ពស្ដង​ដារ​ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​ទៅ​កត្តា​សំខាន់​ទាំង៤ខាងលើ​នេះ​ទាំងអស់​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “មុន​ពេល​ឈាន​ទៅដល់​ការកំណត់​ និង​ចាប់​យក​ចំណែក​ទីផ្សារ​អន្តរជាតិ​បាន​ ទាល់តែ​យើង​ខ្លួនឯង​កំណត់​ពី​លទ្ធភាព​ គុណភាព​ និង​បរិមាណ​ផលិត​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ជាមុន​សិន​ ទើប​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​”។

នៅក្នុង​ឱកាស​នេះ​ ក្នុងនាម​ជាស​ភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​លើកទឹកចិត្ត​ ឱ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ឱ្យ​មាន​ភាព​សកម្ម​ សហការ​ជាមួយនឹង​វិស័យ​រដ្ឋ​ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ​ ទៅដល់​អ្នក​ផលិត​ផ្ទាល់​ក្នុង​ការយល់​ដឹងពី​គោលការណ៍​កំណត់​នានា​ ដើម្បី​ទទួល​បាន​ចំណេះដឹង​ និង​មានលទ្ធភាព​ផលិត​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here