ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ CEO master Club បានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជារាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតជាង ១,០០០នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណ ២,០០០ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារក្នុងមួយឆ្នាំ និងបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់។

-->
CEO Master Club ជាស្ថាប័នប្រមូលផ្ដុំ និងបង្វឹកម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ឱ្យក្លាយទៅជាអគ្គនាយកដែលមានលក្ខណៈអាជីព និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំគ្រប់គ្រង ចាត់ចែងស្ថាប័នអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ ពង្រីកបណ្តាញការលក់កាន់តែទូលាយ លើកកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនបានកាន់តែខ្លាំង ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យមានភាពរឹងមាំ។
មានប្រសាសន៍នៅក្នុងពិធីប្រារព្វខួប១០ឆ្នាំ នៃកិច្ចដំណើរការរបស់ CEO Master Club នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការចូលរួមពីសំណាក់ម្ចាស់អាជីវកម្មជោគជ័យជាង១៣០០នាក់ កាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅលោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club International និងវិទ្យាស្ថាន CEO បានលើកឡើងថា បើយើងទាំងអស់គ្នាចង់ឱ្យកម្ពុជា ក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស ដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និងជ្រោមជ្រែងសហគ្រិននៅក្នុងស្រុកឱ្យមានភាពរឹងមាំ។
លោកបានបន្តទៀតថា សហគ្រិនគឺជាសរសរទ្រូងសេដ្ឋកិច្ចដ៏រឹងមាំដូចជា ទី១ បានបង្កើតផលិតផលសេវាកម្ម ឆ្លើយតបតម្រូវការរបស់សង្គមជាតិ ទី២ បង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានច្រើន ទី៣ ចូលរួមចំណែកកសាងគុណភាពធនធានមនុស្សបានច្រើន និងទី៤ ចូលរួមបង្កើនចំណូលពន្ធជូនរដ្ឋបានច្រើន ដែលទាំងនេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជម្រុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនបានឆាប់រហ័ស និងរឹងមាំយូរអង្វែង។
លោកបានបន្តទៀតថា “ជាបទពិសោធន៍ និងលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ CEO Master Clubក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ពេលនេះយើងបានបណ្ដុះបណ្ដាលសហគ្រិនកម្ពុជារាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតជាង១,០០០នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណ២,០០០ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង១,០០០លានដុល្លារក្នុងមួយឆ្នាំ និងបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ១០ម៉ឺននាក់”។
លោកអោម សេងបូរ៉ាបានបន្តទៀតថា “ជាការកំណត់សម្គាល់ CEO Master Club បានរកឃើញសហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩ចំនួន៧៨រូប ក្នុងចំណោមជាង១០០០នាក់ រួមជាមួយនឹងការប្រគល់ពានរង្វាន់ផងដែរ”។
ពានរង្វាន់ដែលត្រូវបានប្រគល់ជូនសហគ្រិនឆ្នើម (CEO Award) ទាំង៧៨រូបខាងលើនេះត្រូវបានចែកចេញជា៤ប្រភេទ រួមមានដូចជា ទី១ Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី ៨ កម្មវិធីឡើងទៅដើម្បីមានសមត្ថភាពក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានភាពរឹងមាំ។ ទី២ Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម) ជាមេដាយសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនលេចធ្លោរបស់CEO Master Club ដែលបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានអនុវត្តនូវរបៀបរបប ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ពីលក្ខណៈគ្រួសារទៅស្តង់ដា បន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។

ទី៣ Outstanding Accounting Award (ពានគណនេយ្យឆ្នើម) ជាពានសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តដល់សហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានរៀបចំរបៀបរបប និងស្តង់ដារគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុបានល្អ និងរឹងមាំសម្រាប់ក្រុមហ៊ុនរបស់ខ្លួន។ ទី៤ Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ស្នាដៃ សហគ្រិនឆ្នើមរបស់សមាជិក CEO Master Club ដែលបានជ្រើសរើសដោយគណៈកម្មការCEO Awardថា ជាបេក្ខភាពដែលបានបង្ហាញលទ្ធផល និងការអនុវត្តនូវរបៀបរបបក្នុងការដឹកនាំ គ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ ឱ្យមានការចម្រើនខ្លាំងទាំងលក្ខណៈជាបុគ្គលជាគ្រួសារ ជាស្ថាប័ន និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club៕
