ដោយរ៉ា ណេត
ភ្នំពេញៈ គណៈប្រតិភូធុរជនមកពីខេត្តហ្វូជាន ប្រទេសចិន មួយក្រុមបានមកសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាមួយនឹងការបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុងស្រុកធ្វើជាដៃគូ។

ដោយរ៉ា ណេត
ភ្នំពេញៈ គណៈប្រតិភូធុរជនមកពីខេត្តហ្វូជាន ប្រទេសចិន មួយក្រុមបានមកសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាមួយនឹងការបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុងស្រុកធ្វើជាដៃគូ។

ស្ថិតនៅការិយាល័យនៃក្រុមហ៊ុន Prince Holding Group កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គណៈប្រតិភូធុរជនចិនដែលមកពីខេត្តហ្វូជាន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា រួមជាមួយនឹងគោលបំណងស្វែងរកក្រុមហ៊ុន ក្នុងស្រុកធ្វើជាដៃគូផងដែរ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឈួន ដារ៉ា បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាបានជំរុញ និងខិតខំប្រឹងប្រែងផ្តល់ជូនពាណិជ្ជករបរទេស ដែលមានបំណងវិនិយោគនៅកម្ពុជា នឹងទទួលកិច្ចសម្រួលបំពេញបែបបទងាយស្រួល ព្រមទាំងផ្តល់ឱកាសវិនិយោគនៅកម្ពុជាលើការលើកលែងពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសមួយចំនួនដូចជា សហភាពអ៊ឺរ៉ុប ជប៉ុន កាណាដា និងអាមេរិកជាដើម។
លោកបានបន្តទៀតថា “កម្ពុជាបានសម្រួលជូនដល់ពាណិជ្ជករបរទេស នូវការវិនិយោគ លើការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមា ពន្ធលើប្រាក់ចំណេញមិនលើសពី២០ភាគរយ ដោយអ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួល និងមានដើមទុនរបស់ខ្លួន១០០ភាគរយ”។
ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តហ្វូជាន ប្រទេសចិន លោក LIU DEPEI បានសម្តែងនូវភាពរីករាយ សម្រាប់វត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូខេត្តហ្វូនជាន ដែលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា “ខេត្តហ្វូជាន ដែលស្ថិតតាមបណ្តោយឆ្នេរសមុទ្រចិន ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក គឺមានការអភិវឌ្ឍ និងរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ជាពិសេស មានការធ្វើកំណែទម្រង់ស្ទើរគ្រប់វិស័យ និងមានទំនាក់ទំនងល្អក្នុងការនាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសនានា ស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវមួយ បានជំរុញឱ្យកម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត”។

ជាមួយគ្នានេះ លោកបានលើកនូវចំណុចសំខាន់៣ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ខេត្តហ្វូនជាន រួមមាន ទី១ ពង្រីកទំហំពាណិជ្ជកម្ម ដោយវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនស្រាស កសិកម្ម និងធនធានរ៉ែ ទី២ ពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគនៅកម្ពុជា នឹងដឹកនាំសហគ្រាសខេត្តហ្វូជាន ធ្វើពាណិជ្ជកម្មលើវិស័យវាយភណ្ឌ ស្បែកជើង សម្លៀក បំពាក់ និងអាហារ ព្រមទាំងស្វាគមន៍ចំពោះពាណិជ្ជករកម្ពុជាវិនិយោគនៅខេត្តហ្វូជាន និងទី៣ ពង្រីក និងពង្រឹងការផ្លាស់ប្តូរ ការទំនាក់ទំនង និងទស្សនកិច្ចរវាងកម្ពុជា-ខេត្តហ្វូជាន ប្រទេសចិន៕