អាមេរិក​ដាក់​ពន្ធ​ទំនិញ​ថៃ​ដែល​មាន​ទឹកប្រាក់១​,៣ ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ កំពុង​ពង្រីក​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​ជាមួយ​ថៃ​ ដោយ​លោក​ដាក់​ពន្ធ​ពាណិជ្ជកម្ម​ចំនួន១​,៣ ពាន់​លាន​ដុល្លារ​ដោយ​ព្យូ​រប្រ​ព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP​)។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ លោក​ប្រធានាធិបតី​ Donald​ J. Trump​ កំពុង​ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ ចំនួន ១​,៣ពាន់​លាន​ដុល្លារ​ចំពោះ​ថៃ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP​) ដោយ​ផ្អែកលើ​ការ​ខកខាន​មិនបាន​ផ្តល់​សិទ្ធិ​កម្មករ​ ដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។ នេះ​បើ​យោង​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​ដោយ​ការិយាល័យ​តំណាង​ ពាណិជ្ជកម្ម​អាមេរិក​កាលពី​ថ្ងៃសុក្រ​។

រដ្ឋាភិបាល​អាមេរិក​បានឱ្យ​ដឹង​ថា​ “ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​ ដោយសារតែ​ថៃ​មិនបានការ​ពារ​សិទ្ធិ​កម្មករ​ ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​នេសាទ​”។

សេចក្តី​ថ្លែងការណ៍​ដែល​ចេញផ្សាយ​ ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា​ “ទោះបីជា​មានការ​ចូលរួម​អស់​រយៈពេល៦ឆ្នាំ​មក​ហើយ​ក្តី​ ថៃ​មិនទាន់​ចាត់វិធានការ​ដើម្បី​ផ្តល់​សិទ្ធិ​ការងារ​ ដល់​ពលករ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ នៅក្នុង​វិស័យ​សំ​ខាន់​ៗមួយចំនួន​ ដែល​ត្រូវ​បាន​កំណត់​នៅក្នុង​ញត្តិ​ឆ្នាំ២០១៥​ ពី​សហព័ន្ធ​ការងារ​អាមេរិក​ និង​សភា​នៃ​អង្គការ​ឧស្សាហកម្ម​ (AFL​-CIO​) ដូចជា​ការ​ផ្តល់​ការ​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការបង្កើត​សមាគម​ និង​ការចរចា​ជា​សមូហភាព​”។

ការ​ព្យួរ​ពន្ធគយ​នេះ​ នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី២៥​ ខែ​ មេសា​ ហើយនឹង​រួមបញ្ចូល​ទំនិញ​ថៃ​ជិត៦០០មុខ​។ ពន្ធ​លើ​ទំនិញ​ទាំងនោះ​នឹង​កើនឡើង​ដល់ ៤​,៥ ភាគរយ​។

លោក​ Pimchanok​ Vonkorpon​ អគ្គនាយក​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​ថ្លែង​ថា​ ការសម្រេច​ចិត្ត​របស់​អាមេរិក​ នឹង​មានផល​ប៉ះពាល់​តិចតួច​លើ​ការនាំចេញ​សរុប​ ប៉ុន្តែ​ក្រុមហ៊ុន​ថៃ​ នឹង​ប្រឈមមុខនឹង​ឧបសគ្គ​ ដែល​ពិបាក​នៅពេល​ប្រកួតប្រជែង​សម្រាប់​ ទីផ្សារ​អាមេរិក​។

លោក​ Pimchanok​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ នៅ​ទីក្រុង​បាងកក​ថា​ “នៅពេល​ការ​ផ្អាក​នេះ​ចូលជាធរមាន​ ថៃ​នឹង​លែង​ទទួល​បានផល​ប្រយោជន៍​ ពី​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ ហើយនឹង​ប្រឈម​នឹង​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​”។

ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក​ បាន​រក្សា​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ដោយសារតែ​ការ​ព្រួយបារម្ភ​អំពី​សិទ្ធិ​របស់​កម្មករ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ កម្លាំង​ជំរុញ​បន្ថែម​មួយទៀត​ កើត​ចេញពី​អតុល្យភាព​ពាណិជ្ជកម្ម​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗជាមួយ​ថៃ​។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​បានឱ្យ​ដឹង​ថា​ ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ ជាមួយ​ថៃ​បាន​ឈាន​ដល់​ជិត២០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​ ។

សេចក្តី​ថ្លែងការណ៍​មួយ​ ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បានឱ្យ​ដឹង​ថា​ “បច្ចុប្បន្ន​ថៃ​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី២០របស់​យើង​ ជាមួយនឹង​ពាណិជ្ជកម្ម​ទំនិញ​សរុប​ចំនួន ៤៤​,៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​។ ការនាំចេញ​ទំនិញ​មានតម្លៃ​សរុប ១២​,៦ពាន់​លាន​ដុល្លារ​ ខណៈ​ការនាំចូល​ទំនិញ​មានតម្លៃ ៣១​,៩ពាន់​លាន​ដុល្លារ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here