ដោយ វុត្ថា
ភ្នំពេញ៖ ប្រធានាធិបតីនៃប្រទេស ហុង គ្រី លោក Janos Ader បានអះអាងថា នឹងបញ្ជូន អ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជាក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកប្រធានាធិបតីនៃប្រទេស ហុង គ្រី លោក Janos Ader បានឱ្យដឹងកាលពីល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះថា បន្ទាប់ពីការសិក្សាហើយក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននិងណែនាំនូវបច្ចេកវិទ្យា និងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជាយើង។
-->
លោកប្រធានាធិបតីបន្ថែមថា លើសពីនេះទៅទៀត ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជារយៈពេលវែងទាំងសង្គម ទាំងធនធានមនុស្ស ទាំងសុខភាពផងនោះ ។ ជាមួយគ្នានេះ លោកបានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំឱ្យមិនឱ្យមានការដកហូត EBA ពីកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីហុងគ្រី ចំពោះអ្វីដែលបានលើកឡើងពីការជួយដល់ការអភិវឌ្ឍន៍កម្ពុជា ។
សម្តេចថា “ជំនួបរបស់យើងជាលើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូចជាការកសាងទំនាក់ទំនង និងពង្រឹងទំនាក់ទំនងយើងឡើងវិញ។ ទំនាក់ទងកម្ពុជា និងហុងគ្រីមានអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាម សម្ដេចតេជោបានស្នើសុំឲ្យភាគីហុងគ្រីបញ្ជូនអ្នកជំនាញដើម្បីមកធ្វើការសិក្សា ផ្តល់យោបល់ និងចូលរួមសហការជាមួយកម្ពុជាយើងលើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។
សម្ដេចថាយើងត្រូវផ្តល់អទិភាពលើកិច្ចសហប្រតិបត្តិការនេះ ទៅលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀតទៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ ។ សម្តេចតេជោក៏បានជម្រាបជូនអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងសង្ខេបថា កម្ពុជាកន្លងមកតែងតែមានការបែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញ ថែមទាំងមានកំណើនសេដ្ឋកិច្ចរហូតដល់ជាង៧%។

សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះប្រទេស ហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារដែលបានចុះហត្ថលេខាកន្លងមកនោះគឺទី ១)គម្រោងតេជោភូមិ១០០ ទី២)សកម្មភាពដោះមីន ដើម្បីជំរុញអោយកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ និងទី៣)អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាចំនួន១៥ក្នុង១ឆ្នាំ៕