ដោយ ម៉ាណេត
ភ្នំពេញៈ ហុងគ្រីនឹងបើកស្ថានទូតនៅទីក្រុងភ្នំពេញ ហើយកម្ពុជានឹងបើកស្ថានទូតនៅទីក្រុង Budapest នៅឆ្នាំ ២០២១ ។ នេះបើយោងតាមប្រសាសន៍របស់លោកយ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃប្រទេសហុងគ្រី កាលពីថ្ងៃច័ន្ទ អំឡុងពេលធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។
លោក Ader បានប្រាប់អ្នកសារព័ត៌មានថា ហុងគ្រី និងកម្ពុជា នឹងបើកស្ថានទូតនៅតាមទីក្រុងរបស់គ្នាទៅវិញទៅមកនៅឆ្នាំ២០២១ ដែលជាខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
-->
ការបើកស្ថានទូតនេះត្រូវបានព្រមព្រៀងគ្នា លើកដំបូងនៅឯកិច្ចពិភាក្សាដែលស ម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលបានជួបជាមួយសមភាគីហុងគ្រីលោក Viktor Orbán ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Budapest នៅខែមិថុនា ឆ្នាំ ២០១៩។
លោក Ader បាននិយាយថា នៅក្នុងកិច្ចពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន លោកបានផ្តល់ជំនួយហុងគ្រី ដល់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងបញ្ហាចំនួនប្រជាជននៅភ្នំពេញ។ លោកបានបន្ថែមថា ភ្នំពេញមានប្រជាជន ២លាននាក់ កំពុងជួបការលំបាករួមមានហេដ្ឋារចនាសម្ពន្ធ័ ដែលមិនទាន់អភិវឌ្ឍន៍ ការគ្រប់គ្រងសំរាម និងការព្យាបាលទឹកស្អុយ។
សម្តេចតេជោមានប្រសាសន៍នៅវិមានរដ្ឋាភិបាល កាម៉េលីតា ក្នុងទីក្រុងប៊ុយដាប៉េស កាលពីខែមិថុនាថា បើទោះបីជាកន្លងមកប្រទេសទាំងពីរធ្លាប់បើកស្ថានទូត ក្នុងប្រទេសផងខ្លួនក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរបានបិទស្ថានទូតរៀងៗខ្លួន តាមរយៈដំនើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសហុងគ្រីនាពេលនេះ សម្តេចចង់ឃើញប្រទេសទាំងពីរ ធ្វើការបើកស្ថានទូតជាថ្មីឡើងវិញ ដើម្បីជួយគ្នាទៅវិញទៅមក ពិសេសបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរ។
ប្រទេសហុងគ្រី មានផ្ទៃដីជាង៩៣០៣០គីឡូម៉ែត្រការ៉េ មានប្រជាជនជិត១០លាននាក់ និងផលទុនជាតិសរុបសំរាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ មានចំនួន១៦,១៦៩ដុល្លារអាមេរិកកាលឆ្នាំ២០១៨៕