ផ្សារ​ទំនើប​ AEON​ 3 ផ្លូវ៦០ម៉ែត្រ​ ត្រៀម​បើក​ការដ្ឋាន​នៅដើម​ឆ្នាំក្រោយ​នេះ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ដូច​ទៅ​នឹង​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​សប្ដាហ៍​កន្លងទៅ​ថា​ ផ្សារ​ទំនើប​ AEON3​ ដែល​ស្ថិត​បណ្តា​យម​ហា​វិថី​សម្ដេច​តេជោ​ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​យ៉ាង​ប្រាកដ​ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​ ទីតាំង​នៃ​គម្រោង​ត្រូវ​បាន​គេ​ឃើញ​មានការ​ឈូស​ឆាយ​ពង្រាបដី​ជា​បណ្ដើរ​ៗទៅ​ហើយ​នោះ​ ។

ផ្អែក​តាម​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ តាម​ផែនការ​ដែល​បាន​គ្រោងទុក​ គម្រោង​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ AEON3​ ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​មហាវិថី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ (ផ្លូវ៦០ម៉ែត្រ​) នឹង​ចាប់ផ្តើម​នៅ​ត្រឹម​ដើមឆ្នាំ២០២០​ ខាងមុខនេះ​ និង​បញ្ចប់​ការសាងសង់​ត្រឹម​រយៈពេល​ប្រមាណ២៤ខែ​។

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ បច្ចុប្បន្ន​នេះ​ ទាំង​ច្បាប់​សាងសង់​ និង​អភិវឌ្ឍន៍​ ក៏ដូចជា​ឯកសារ​ក្នុង​ដឹកជញ្ជូន​សម្ភារៈ​ និង​គ្រឿង​បរិ​ក្ខា​សម្រាប់​ដំណើរការ​សាងសង់​ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ​ ពោល​គឺ​រង់ចាំ​តែ​ពេលវេលា​កំណត់​មកដល់​តែប៉ុណ្ណោះ​។

សម្រាប់​គម្រោង​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​ AEON3​ នឹង​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង១៧ហិ​កតា​ ស្ថិតនៅ​ក្នុង​ក្បែរ​ស្ពានថ្ម​ ជិត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីតភាព​របស់​បុរី​ប៉េង​ហួត​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នៃ​រាជធានី​ភ្នំពេញ​ ។

បើ​ធ្វើដំណើរ​ចេញពី​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ ទីតាំង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ​នេះ​ គឺ​ហួស​បុរី​ប៉េង​ហួត​ប្រមាណ​ ១០០០ម៉ែត្រ​ និង​ហួស​ស្ពានថ្ម​ប្រមាណ​ ១០០ម៉ែត្រ​ ស្ថិតនៅ​ខាងស្តាំ​ដៃ​។ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ “ការ​មកដល់​នៃ​ក្រុមហ៊ុន​លំដាប់​អន្តរ​ជា​តិ​ល្បី​ៗ ជាពិសេស​ក្រុមហ៊ុន​ជប៉ុន​ ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “អ្នក​វិនិយោគ​ជប៉ុន​មិន​ងាយ​ចូល​ទៅ​វិនិយោគ​ នៅ​ប្រទេស​ណា​នោះ​ទេ​ ហេតុនេះ​នៅពេល​ពួកគេ​ទៅ​វិនិយោគ​មានន័យថា​ ប្រទេស​នោះ​មាន​បរិយាកាស​នយោបាយ​ល្អ​ និង​ស្ថានភាព​នៃ​ការ​វិនិយោគ​មាន​ភាព​ប្រសើរ​ ដែល​អាច​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួកគេ​”។

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្សារ​ទំនើប​បាន​លើកឡើង​ថា​ ផ្សារ​ទំនើប​ AEON​ 3 នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣​។

គម្រោង​ផ្សារ​ទំនើប​ AEON​ Mall​ 3 នឹង​មានផ្ទៃ​ក្រឡា​សរុប​រហូតដល់​ទៅ​ ១៧៤,០០០​ ម៉ែត្រការ៉េ​ ដែល​ធំជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប​ AEON​ 1 (៦៨០០០​ ម៉ែត្រការ៉េ​) និង​ផ្សារ​ទំនើប​ AEON​ 2 ខណ្ឌ​សែនសុខ​ (១០០០០០​ ម៉ែត្រការ៉េ​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here