ដោយ ប៊ី
ភ្នំពេញៈ សំណើដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែក និងការតភ្ជាប់ផ្លូវដែករបស់អាស៊ាន ដើម្បីឆ្លើយតបតាមស្តង់ដារអន្តរជាតិ នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាចុងសប្តាហ៍នេះ។ នេះបើយោងតាមលោក Worawut Mala ប្រធានស្តីពីផ្លូវដែកនៃប្រទេសថៃ (SRT) កាលពីថ្ងៃអង្គារ។

-->
លោកបានមានប្រសាសន៍នៅក្នុងសន្និសីទស្តីពី ប្រធានក្រុមប្រឹក្សាផ្លូវដែកអាស៊ានដែលបានធ្វើឡើងនៅថ្ងៃអង្គារ មុនកិច្ចប្រជុំកំពូលនេះថា ប្រធានបទដែលត្រូវពិភាក្សារួមមានការអភិវឌ្ឍ ការតភ្ជាប់ផ្លូវដែករបស់អាស៊ាន ដើម្បីផ្សព្វផ្សាយប្រព័ន្ធផ្លូវដែកជាតិ និងការធ្វើឱ្យប្រសើរឡើងនៃផ្លូវដែក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃនេះ។
គេហទំព័រ “ផ្លូវដែកអាស៊ាន” តាមប្រព័ន្ធអនឡាញ ក៏ត្រូវបានបង្កើតឡើងនៅឯកិច្ចប្រជុំកាលពីថ្ងៃ អង្គារ ដើម្បីផ្តល់ឱ្យសាធារណៈជននូវព័ត៌មានអំពី ការតភ្ជាប់ផ្លូវដែកនៅក្នុងប្រទេសសមាជិកអាស៊ានចំនួន៧ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
បច្ចុប្បន្នថៃមានគម្រោងផ្លូវដែក៥ផ្សេងគ្នា ដែលខ្លួនគ្រោងនឹងប្រើប្រាស់ ដើម្បីភ្ជាប់បណ្តាញផ្លូវដែករបស់ខ្លួនជាមួយប្រទេសជិតខាងទាំងនេះ។
លោកបាននិយាយថា នៅភាគខាងត្បូង ថៃគ្រោងនឹងពង្រីកផ្លូវដែកខាងត្បូងពី Sungai Kolok ទៅប្រព័ន្ធផ្លូវដែកតំបន់ Padang Besar នៅម៉ាឡេស៊ីដើម្បីភ្ជាប់ប្រទេសថៃទៅ នឹងប្រព័ន្ធផ្លូវដែកសឹង្ហបូរី។
លោកបាននិយាយថា នៅភាគឦសានថៃរួមជាមួយឡាវ និងចិនកំពុងអភិវឌ្ឍប្រព័ន្ធរថភ្លើងល្បឿនលឿនរួមគ្នា ដែលនឹងកាត់បន្ថយពេលវេលា សម្រាប់ធ្វើដំណើរពីថៃទៅគុនមីង និងទីក្រុងប៉េកាំងឆ្លងកាត់ឡាវ។
លោកបាននិយាយថា ពីទីក្រុងប៉េកាំង អ្នកដំណើររថភ្លើង នឹងអាចធ្វើដំណើរទៅរុស្ស៊ី និងបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀតតាមរយៈរថភ្លើង។

លោកបានមានប្រសាសន៍ថា នៅប៉ែកខាងកើតថៃ និងប្រទេសកម្ពុជាកាលពីដើមឆ្នាំនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ដើម្បីចាប់ផ្តើមភ្ជាប់ប្រព័ន្ធផ្លូវដែករបស់ពួកគេ ពីមួយទៅមួយចាប់ពីខេត្តស្រះកែវទៅប៉ោយប៉ែតកម្ពុជា។
លោកបាននិយាយថា នៅភាគខាងលិចថៃ និងមីយ៉ាន់ម៉ាកំពុងចរចាសំណើរ ដើម្បីភ្ជាប់ប្រព័ន្ធផ្លូវដែករបស់ពួកគេ ពីផ្លូវបីPagodas Pass ដែលជាច្រកភ្នំតភ្ជាប់ពីតំបន់ Sangkhla Buri ទៅកាន់តំបន់ Payathonsu មីយ៉ាន់ម៉ានិងតំបន់Dawei មីយ៉ាន់ម៉ា។
លោកបានមានប្រសាសន៍ថា ក្រៅពីគម្រោងទាំង៤នេះ ប្រទេសថៃ និងម៉ាឡេស៊ីក៏កំពុងពិភាក្សាគ្នាអំពីផែនការ ដើម្បីនាំផ្លូវរថភ្លើង Sugnai Kolok-Pasir Masមកវិញ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមព្រំដែន៕