ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាជាតិ ប្រមាណ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗសម្រាប់ថែរទាំ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ផ្លូវជាតិ ផ្លូវដែក និង កំពង់ផែនៅទូទាំងប្រទេសកម្ពុជា។

ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាជាតិ ប្រមាណ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗសម្រាប់ថែរទាំ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ផ្លូវជាតិ ផ្លូវដែក និង កំពង់ផែនៅទូទាំងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ា ស៊ីមសូរិយាបានឱ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា ក្នុងចំណោមថវិកាបំរ៉ុងនេះ មានថវិកាជាតិប្រមាណ២០០លានដុល្លារ ថវិកាជាជំនួយពីដៃគូរអភិវឌ្ឍន៍ និងហិរញ្ញប្បទានពីបណ្តាប្រទេសផ្សេងទៀត សរុបទាំងអស់មានប្រមាណ៥០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
សម្រាប់ឆ្នាំខ្លះក៏ក្រសួងសាធារណៈការ និងដឹកជញ្ជូនមានថវិកាប្រមាណតែ ៣០០លានដុល្លារ ទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីយកទៅថែទាំ ជួសជុល និងស្ថាបនាផ្លូវទាំងនោះ ព្រោះវាអាស្រ័យលើជំនួយឬឥណទានពីដៃគូអភិវឌ្ឍន៍របស់កម្ពុជា។
លោកស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងកន្លងមកថ្មីៗនេះថា រដ្ឋាភិបាលបាននិងកំពុងជួសជុលថែទាំង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នៅទូទាំងប្រទេស ឱ្យក្លាយជាផ្លូវចាក់កៅស៊ូ ប្រភេទ AC និងបេតុង ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ផ្លូវជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខានន់ជាច្រើនខ្សែ និងទីតាំងត្រូវបានរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជួសជុល ថែទាំ និងស្ថាបនាឡើងវិញ សម្រាប់បំរើដល់សេដ្ឋកិច្ចសង្គមកម្ពុជា ដែលកំពុងមានកំណើនឥតឈប់ឈរ។
ក្រៅពីថវិកាជាតិបំរុងសម្រាប់ជួសជុល ថែទាំង និងស្ថាបនាផ្លូវជាតិសំខាន់ៗនៅទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏នឹងផុ្តល់កញ្ចប់ថវិកាសម្រាប់គម្រោងវិនិយោគបីឆ្នាំរំកិល២០២០-២០២២ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមមូលដ្ឋាននានានៅទូទាំងប្រទេស សម្រាប់ប្រែក្លាយពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់ប៉េតុង ឬផ្លូវចាក់កៅស៊ូ ទោះបីកញ្ចប់ថវិកានោះតិច ឬច្រើនក៏ដោយ ដើម្បីធានាបាននូវគុណភាពយូអង្វែង។
គម្រោងវិនិយោគបីឆ្នាំរំកិល២០២០-២០២២ សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមមូលដ្ឋាននេះ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស៕