សណ្ឋាគារ​ និង​កាស៊ីណូ​លំដាប់​ផ្កាយ៤​ តម្លៃ​ ១០០លាន​ដុល្លារ​ថ្មី​មួយទៀត​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ ​វុត្ថា​

ព្រះសីហនុ​៖ សណ្ឋាគារ​ និង​កាស៊ីណូ​ លំដាប់​ផ្កាយ៤​ ដែល​មានឈ្មោះ​ថា​ Goddess​ of​ Liberty​ Hotel​ &​ Casino​ បាន​ចំណាយ​ដើមទុន​ប្រមាណ​ជាង​ ១០០លាន​ដុល្លា​ សាងសង់​លើ​ផ្ទៃដី​ ២ហិ​កតា​ បាន​សម្ពោធ​ដាក់​ឱ្យ​ដំ​ណើរ​ការ​រជា​ផ្លូវការ​នៅ​ក្រុង​ព្រះសីហនុ​។

លោក​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ នៅក្នុង​ពិ​ពី​សម្ពោធ​កាលពី​ថ្ងៃទី​ ៣០​ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​សណ្ឋាគារ​ និង​កាស៊ីណូ​ Goddess​ of​ Liberty​ Hotel​ &​ Casino​ គឺជា​ការ​រួមចំណែក​លើក​ កម្ពស់​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​ ព្រមទាំង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ កាត់បន្ថយ​ភាព​ក្រីក្រ​ស្របតាម​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ ដើម្បី​កំណើន​សេដ្ឋកិច្ច​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ រាជរដ្ឋាភិបាល​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​ រមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើស​កល​លោក​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ជា​ច្រកចេញ​ចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើត​ជាតិ​ មជ្ឈមណ្ឌល​ភស្តុភារ​ធម្មជាតិ​ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​និង​ទីផ្សារ​សកលលោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សុខដុម​នី​យក​ម្ម​ជាមួយនឹង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ខេត្ត​ព្រះ​ស៊ី​ហនុ​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពី​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​ទី១​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​សំ​ខាន់​ៗដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​។

លោកស្រី​ ម៉ែ​ន សំ​អន​ ឧបនាយក​រដ្ឋ​មន្រ្ដី​ រដ្ឋ​មន្រ្ដី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច​បានឱ្យ​ដឹង​ដែរ​ថា​ សណ្ឋាគារ​ និង​កាស៊ីណូ​ដ៏​ល្អ​ប្រណិត​ថ្មី​ បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​ និង​ឧប​ករណ៍​ទំនើប​ៗនេះ​ពិតជា​សមិទ្ធផល​ថ្មី​មួយទៀត​ របស់​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ខេ​ត្ដ​ភាគ​នីរតី​ នៃ​ប្រទេស​កម្ពុជា​ មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ទេសចរណ៍​ ឆ្លុះបញ្ចាំង​នូវ​ការលូតលាស់​ឥត​ឈប់ឈរ​ នៃ​ការ​វិនិយោគ​បរទេស​ និង​វិស័យ​ឯកជន​នៅ​កម្ពុជា​ ដូចជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​។

លោកស្រី​បន្ត​ថា​ អាជីវកម្ម​សណ្ឋាគារ​ ខុន​ដូ​ សំ​ណង់​ខ្ពស់​ៗជាច្រើន​បាន​បំរើ​ឱ្យ​វិស័យ​ទេសចរ​ក្នុង​ការ​ស្នាក់នៅ​ និង​កម្សាន្ត​ បាន​ផ្តល់​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ រួមចំណែក​អភិវឌ្ឍន៍​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ក្នុង​ខេត្ត​ព្រះសីហនុ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here