ដោយ ប៊ី
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងបន្តការកែលម្អ និងលើកកម្ពស់វិស័យហិរញ្ញវត្ថុ សេវាផ្គត់ផ្គង់ទឹក និងអនាម័យនៅកម្ពុជា ស្របពេលមានកិច្ចព្រមព្រៀងចំនួនពីរក្នុងតម្លៃទឹកប្រាក់ចំនួន៨៩លានដុល្លារជាមួយនឹងកម្ពុជាដោយនឹងបង្កើនលទ្ធភាពរបស់តំបន់ជនបទក្នុងការទទួលបានសេវាផ្គត់ផ្គង់ទឹក និងអនាម័យ ព្រមទាំងកែលម្អកិច្ចខិតខំអភិវឌ្ឍ វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។
លោកស្រី Sunniya Durrani-Jamal នាយិកា ADB និង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីម្សិលមិញសម្រាប់កម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និងអនាម័យជនបទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២) នៅឯពិធីមួយក្នុងរាជធានីភ្នំពេញ។
-->
លោកស្រី Sunniya Durrani-Jamal បានថ្លែងថា “កម្មវិធីទាំងពីរនេះគាំទ្រដល់វិស័យ អាទិភាពទាំង៤ របស់យុទ្ធសាស្រ្តចតុកោណ រួមមានដូចជា ការអភិវឌ្ឍធនធានមនុស្សតាមរយៈការកែលម្អ ការថែទាំសុខភាព សាធារណៈ និងអាហារូបត្ថម្ភ ពិពិធកម្មសេដ្ឋកិច្ច ដោយការលើកកម្ពស់ការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ និងធនាគារ ការលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន ការងារ និងមុខរបរ តាមរយៈកិច្ចគាំទ្រ សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈការ លើកកម្ពស់ វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ”។
ប្រជាពលរដ្ឋប្រមាណ ៤០០ ០០០នាក់ នឹងទទួលបានប្រយោជន៍ពីកម្មវិធីអភិវឌ្ឍវិស័យសេវាផ្គត់ផ្គត់ទឹក និង អនាម័យជនបទ ដំណាក់កាលទី៣ ដែលធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តកាលពីខែកញ្ញា ឆ្នាំ២០១៩ តាមរយៈ ការសាងសង់ និងការស្តារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងអនាម័យ ចំនួន ២ ៥០០ កន្លែង ព្រមទាំង ការអនុវត្ត យុទ្ធនាការលើកកម្ពស់ការយល់ដឹង យ៉ាងហោចណាស់ក្នុងភូមិចំនួន៤០០ នៃខេត្តចំនួន១០ ក្នុង ប្រទេស កម្ពុជា។
សេវាផ្គត់ផ្គង់ទឹក និងអនាម័យប្រកបដោយចីរភាព និងគួរឱ្យជឿជាក់បាន នៅតែបន្តមានភាពខ្វះខាត នៅ តំបន់ជនបទនៃប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន ៧៧ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងប្រទេសចំនួន ១៦.៤ លាននាក់រស់នៅ។
ក្នុងឆ្នាំ២០១៧ បើទោះបីជាគ្រួសារជនបទចំនួន៧៣ ភាគរយ មានលទ្ធភាពទទួលបានការផ្គត់ផ្គង់ ទឹកស្អាតក៏ដោយ ប៉ុន្តែ មានតែ ១១ ភាគរយ ប៉ុណ្ណោះ ក្នុងចំណោមគ្រួសារទាំងនេះ ទទួលបានការផ្គត់ផ្គង់ទឹក តាមរយៈការភ្ជាប់បណ្តាញបំពង់ទុយោ។
ស្របគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទចំនួន ៥៦ ភាគរយ មានលទ្ធភាព ទទួលបានអនាម័យប្រសើរជាងមុន ហើយប្រជាពលរដ្ឋជនបទ ប្រមាណ ៤១ ភាគរយ នៅតែបន្តអនុវត្តការបន្ទោបង់ ពាសវាលពាសកាល ដែលអាចបង្កឱ្យមានជំងឺរាគរូស និងបញ្ហាសុខភាពសាធារណៈដទៃទៀត។
អនុកម្មវិធីទី២ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុដែលត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ីកាលពីខែ កញ្ញាឆ្នាំ ២០១៩ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពដែលជំរុញការរួមបញ្ចូលហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
អន្តរាគមន៍សំខាន់ៗ រួមមានការកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ ជាពិសេសសម្រាប់ប្រជាជនក្រីក្រ គ្រួសារនៅជនបទ និងសហគ្រាសធុនតូច និងមធ្យម។ កម្មវិធីនេះក៏នឹងលើកកម្ពស់ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដើម្បីគាំទ្រដល់ការណែនាំសេវាកម្ម និងផលិតផលហិរញ្ញវត្ថុថ្មីៗ។
វិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ហើយគ្របដណ្តប់ដោយវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ខណៈកិច្ចជាច្រើនសម្រេច ការទទួលបានហិរញ្ញវត្ថុនៅតែមានកំរិតនៅឡើយ ជាពិសេសនៅតំបន់ជនបទ។
ស្ទើរតែមួយភាគបីនៃប្រជាជនត្រូវបានគេបដិសេធទាំងស្រុងដោយមិនមានលទ្ធភាពប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុណាមួយឡើយ។ កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុត្រូវបានរារាំងដោយកម្រិតនៃចំណេះដឹងទាបផ្នែកហិរញ្ញវត្ថុ៕