លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ : អ្នកជំនួញ​នានា​គួរតែ​ចូលរួម​ជាមួយ​សមាគម​ ដើម្បី​ជំរុញ​អាជីវកម្ម​ឱ្យ​រីកចម្រើន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ការ​ប្រកប​មុខ​ជំនួញ​ កត្តា​ដែល​សំខាន់​បំផុត​ គឺ​កិច្ច​ទំនាក់ទំនង​ និង​ការ​ទទួល​បាន​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ ពោល​គឺ​មិន​អាច​ធ្វើឡើង​ដោយឯកឯង​នោះ​ទេ​ ជាពិសេស​ទាម​ទា​ឱ្យ​មានការ​ចូលរួម​ជា​ក្រុម​ ឬជាស​មា​គម​អ្នកជំនួញ​ដើម្បី​អាច​វាស​ស្ទង់​លទ្ធភាព​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ បាន​មានប្រសាសន៍​ថា​ គ្រប់​សមាគម​ ឬក្លឹប​អាជីវកម្ម​នានា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ គឺ​ក្នុង​គោលបំណង​ប្រមូល​ផ្តុំ​នូវ​ម្ចាស់​អាជីវកម្ម​ ក៏ដូចជា​ម្ចាស់​ក្រុមហ៊ុន​នានា​ ដើម្បី​បង្កើន​កិច្ច​ទំនាក់ទំនង​ ផ្លាស់ប្ដូរ​បទពិសោធន៍​ និង​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​ឱ្យ​គ្នា​ទៅវិញទៅមក​ ប្រយោជន៍​អភិវ​ ​; ឌ្ឍ​អាជីវកម្ម​ និង​ក្រុមហ៊ុន​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ “វិស័យ​ឯកជន​ត្រូវ​បាន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ និង​លើកទឹកចិត្ត​ជា​ខ្លាំង​ ដោយ​ជា​រៀងរាល់​ឆ្នាំ​ តែង​មានឱកាស​ចូល​ជួបពិភាក្សា​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​មាន​រដ្ឋមន្ត្រី​ចំនួន១៣ជា​អ្នកសម្របសម្រួល​ និង​ជួយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​ដំណើរការ​អាជីវកម្ម​របស់​ពាណិជ្ជករ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ក្នុងនាម​រូប​ខ្ញុំ​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ សូម​ជំរុញ​និង​លើកទឹកចិត្ត​ដល់​បណ្តា​ពាណិជ្ជករ​ គួរតែ​ចូលរួម​ជាមួយ​សភា​ណិ​ជ្ជ​កម្ម​ ដែល​មាន​ពាណិជ្ជករ​សមាជិក​ជាង៥ពាន់​នាក់​ ឬសមាគម​អាជីវកម្ម​ដទៃទៀត​ ដែល​វា​អាច​ជួយ​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​ការ​ធ្វើជំនួញ​”។

លោក​តាន់​ មុនី​វណ្ណ​បាន​បញ្ជាក់​ថា​ “យើង​មិន​អាច​ធ្វើអ្វី​មួយ​តែម្នាក់ឯង​បាន​នោះ​ទេ​ ដូច្នេះ​ការចូលរួម​ជា​ក្រុម​ ជាស​មា​គម​ គឺជា​ជម្រើស​មួយ​ដ៏​ល្អ​ ដែល​យើង​គួរតែ​ចូលរួម​ទាំងអស់គ្នា​”។

ទិសដៅ​នៃ​ការចូលរួម​នៅក្នុង​សមាគម​ មាន​ប្រយោជន៍​ធំៗ​ចំនួន២​ ទី១​ ការ​ធ្វើ​កិច្ច​ទំនាក់ទំនង​។ ទី២​ បាន​ចូលរួម​ចំណែក​នៅក្នុង​ការ​ទទួល​បាន​ចំណេះដឹង​ ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ជាពិសេស​គឺ​មានឱកាស​ក្នុង​ការ​បញ្ចេញមតិ​ ដែល​អាច​ជួយ​ឱ្យ​អាជីវកម្ម​មាន​ភាព​រីកចម្រើន​។

លោក​បណ្ឌិត​បាន​បន្ត​ថា​ “ចំណេះដឹង​របស់​ពាណិជ្ជករ​នៅ​កម្ពុជា​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ពាណិជ្ជករ​នៅក្នុង​តំបន់​អាស៊ាន​ គឺ​នៅ​មានកម្រិត​ ដែល​មិនទាន់​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​គេ​បាន​នៅឡើយ​នោះ​ទេ​”។លោក​បន្ថែម​ថា​ “ដូច្នេះ​យើង​ត្រូវតែ​ព្យាយាម​ស្វែងយល់​បន្ថែម​ច្រើន​ទៀត​ ដើម្បី​ពង្រឹង​ទៅលើ​ផ្នែក​ធនធានមនុស្ស​ មិនថា​ចំពោះ​ការ​បណ្តុះបណ្តាល​ធនធាន​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ ឬនៅ​ក្រៅ​ក្រុមហ៊ុន​នោះ​ទេ​ គឺ​ត្រូវតែ​ពង្រឹង​យកចិត្ត​ទុកដាក់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here