ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទានិក​ចំនួន៤០០គ្រួសារ​នៅ​ខេត្ត​កំពង់ស្ពឺ​

0

ដោយ ​វុត្ថា​

កំ​ពង់់​ស្ពឺៈ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចុះ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ អចលនវត្ថុ​ជូន​សម្បទានិក​ចំនួន៤០០គ្រួសារ​ និង​សម្ពោធ​សមិទ្ធផល​នានា​ នៅក្នុង​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​របស់​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំ​ហ៊ាន២​ (LASED​ II​) ដែល​ស្ថិតនៅ​ក្នុង​ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ វ៉ី​ សំណាង​បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នា​ថ្ងៃទី៣១​ ខែតុលា​ឆ្នាំ​ ២០១៩នេះ​ថា​ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​ជំហាន២​ LASED​ II​ គឺជា​គម្រោង​​មួយ​គាំទ្រ​ដល់​ការប្រតិបត្តិ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការចែក​ជូន​ដី​ដល់​អ្នក​គ្មាន​ដី​ និង​អ្នក​ក្រីក្រ​តាមរយៈ​ដីសម្បទាន​សង្គមកិច្ច​ ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹមជីវិត​របស់​គ្រួសារ​ក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ​។

លោក​បន្ត​ថា​ គម្រោង​គឺ​មាន​គោលបំណង​ ដើម្បី​បែងចែក​ដីធ្លី​របស់​រដ្ឋ​ ដែល​មាន​លក្ខណៈ​សមស្រប​ សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ប្រកប​រប​កសិកម្ម​ ការ​ចិញ្ចឹមសត្វ​ ការ​ទទួល​បាន​នូវ​សេវា​សាធារណ​: និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​ បង្កើន​ផលិតភាព​ ជាមួយនឹង​ការ​ផ្តល់​សេវាកម្ម​គាំទ្រ​សមស្រប​ មួយចំនួន​ដល់​គ្រួសារ​ដែល​មាន​ដីធ្លី​តិចតួច​ និង​គ្មាន​ដីធ្លី​សោះ​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ត​ទៀត​ថា​ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ បាន​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​ ដែល​មាន​រយៈពេល​ ៥ឆ្នាំ​ ចាប់ពី​ខែសីហា​ ឆ្នាំ២០១៦​ ដល់​ ខែធ្នូ​ ឆ្នាំ២០២១​ ថវិកា​សរុប២៦​,៨៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​នោះ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ចំនួន១​,៨០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ខេត្ត​គោលដៅ​ជាអាទិភាព​ចំនួន៥​ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​អនុវត្តន៍​ គម្រោង​ឡា​សិត២​ នេះ​ រួមមាន​ ខេត្ត​កំពង់ស្ពឺ​, ខេត្ត​កំពង់ឆ្នាំង​, ខេត្តកំពង់ធំ​, ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តក្រចេះ​ ហើយ​ខេត្ត​កំពង់ស្ពឺ​គឺជា​ខេត្ត​គោលដៅ​មួយ​ ក្នុងចំណោម​ខេត្ត​ទាំង៥​ ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​អនុវត្ត​ផង​ដែរ​។

ដីសម្បទាន​សង្គមកិច្ច​ ដែល​ត្រូវ​បាន​ស្នើរ​សុំ​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ តាម​អនុ​ក្រិត​លេខ២០១អន​ក្រ.បក​ ចុះ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១១​ ដោយ​កាត់ចេញ​ពី​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២​ គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុប​ ១,១២០​ ហត​ ដែល​មាន​ចំនួន​ ០២​ ទីតាំង​ ក្នុង​នោះ​ទីតាំង​ទី១​ ស្ថិតនៅ​ក្នុង​ឃុំ​ក្រាំងដីវ៉ាយ​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ មានផ្ទៃ​ដី​សរុប​ចំនួន​ ៣៣០​ ហត​ សម្រាប់​ចែក​ជូន​ដល់​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​ និង​ទីតាំង​ទី​ ២ ស្ថិតនៅ​ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ មានផ្ទៃ​ដី​សរុប​ចំនួន៧៩០​ ហត​ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​ចំនួន​ ៤០០​ គ្រួសារ​ ដែល​បច្ចុប្បន្ន​នេះ​បាន​នឹង​កំពុង​អនុវត្ត​ដោយ​គម្រោង​ឡា​សិត២​។

ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ បាន​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ខេត្ត​ កំពង់ស្ពឺ​ដែល​បាន​ខិតខំ​ថែរក្សា​ដី​របស់​រដ្ឋ​បាន​ត្រឹមត្រូវ​ ដើម្បី​ទុក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​មាន​តម្រូវការ​ពិតប្រាកដ​។ លោក​បាន​កោតសរសើរ​ផង​ដែរ​ ចំពោះ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ ដែល​បាន​រួមចំណែក​អនុវត្តន៍​ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ជំ​ហ៊ាន២​ (LASED​ II​) ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​ ដោយ​មិនធ្លាប់​មាន​បាតុភាព​ណាមួយ​កើតឡើង​ ដែល​បង្ហាញ​អំពី​ការរើសអើង​ បក្សពួក​ ឬការចោទប្រកាន់​ណាមួយ​ពី​ប្រជាពលរដ្ឋ​ឡើយ​។

ទន្ទឹម​នឹង​នោះ​លោក​ជា​ សុ​ផា​រ៉ា​ បាន​ផ្តាំផ្ញើ​ដល់​សម្បទានិក​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នៅពេល​នេះ​ថា​ មិន​ត្រូវ​បញ្ចាំ​ ឬលក់ដូរ​ដី​នេះ​ឡើយ​ ព្រោះ​វា​ជា​អាយុជីវិត​របស់​បងប្អូន​ ហើយ​ឯកឧត្តម​បាន​លើកទឹកចិត្ត​ ឱ្យ​ប្រជាពលរដ្ឋ​ព្យាយាម​ស្វែងរក​ប្រភព​ចំណូល​ និង​បង្កបង្កើនផល​បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ប្រសើរ​ជាង​យក​ដី​ទៅ​បញ្ចាំ​ ឬលក់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here