ដោយៈ រ៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលថវិកាបានរហូតដល់ទៅប្រមាណ៩០ភាគរយ ក្នុងរយៈពេល៩ខែឆ្នាំនេះ ដែលការសម្រេចបាននេះ ស្មើនឹងផែនការថវិកាជាតិប្រចាំឆ្នាំ។
តាមរយៈរបាយការណ៍បូកសរុបនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ បានបង្ហាញថា គ្រប់ផ្នែកនៃផែនការសកម្មភាព រួមនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន។ ជាទូទៅការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាន និន្នាការល្អប្រសើរទៅតាមការគ្រោងទុក។
-->
ក្នុងរយៈពេល៩ខែនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុបស្មើនឹង៩០ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩ ដែលទិន្នផលចំណូលនេះបានពីការប្រមូលដោយពន្ធគយ និងរដ្ឋាករប្រមាណ៤៩ភាគរយ ពន្ធដារប្រមាណ៣២ភាគរយ។ចំណូលមិនមែនសារពើពន្ធប្រមាណ១២ភាគរយ និងចំណូលផ្សេងៗប្រមាណ៦ភាគរយ។ រីឯការអនុវត្តចំណាយ ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។
សម្រាប់ការអនុវត្តសកម្មភាពនៃការងារកែទម្រង់ ទាំងក្របខណ្ឌនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រប ខណ្ឌក្រសួង-ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបានរំពឹងទុកថា អាចសម្រេចបានគោលដៅប្រចាំឆ្នាំ។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំ អំពីកិច្ចការគន្លឹះៗមួយចំនួនទៀត ត្រូវបន្តពង្រឹងក្នុងអនុវត្តន៍ កសាង និងរៀបចំបញ្ចប់ រួមមានជាអាទ៍ ការរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តយុទ្ធសាស្ត្រគន្លឹះៗ នានា ដូចជា យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥, យុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ និងអនុក្រឹត្យស្តីពី ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈជាដើម៕