ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-កាណាដា​កើន​រហូតដល់ ៨០០ភាគរយ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោកស្រី​ Donica​ Pottie​ ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​ នៃ​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​កាណាដា​កើនឡើង​រហូតដល់៨០០​% ក្រោយពេល​ប្រទេស​កាណាដា​ បាន​បើកឲ្យ​ដំណើរ​ការិយាល័យ​ស្ថានទូត​កាណាដា​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ឆ្នាំ២០១៦​។

លោកស្រី​ Donica​ Pottie​ ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​ នៃ​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ឧបនាយក​រដ្ឋមន្រ្តី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្រ្តី​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ កាលពី​ថ្ងៃទី៣១​ ខែតុលា​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ចំពោះ​ FTA​ កិច្ច​ព្រមព្រៀង​អាស៊ាន​ កាណាដា​នេះ​ នឹង​មានការ​វិវត្ត​ទៅមុខ​យ៉ាង​ឆាប់រហ័ស​។

នៅក្នុង​ជំនួប​របស់​លោក​ ស្រី​ Domica​ Pottie​ កាលពី​ពេល​ថ្មី​ៗនេះ​សម្តេច​តេជោ​នាយក​រដ្ឋ​ មន្ត្រី​ ​ហ៊ុន​ សែន​បាន​ថ្លែង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ កាណាដា​ និង​ ប្រទេស​ កម្ពុជា​បាន​កើន​ដល់​ជាង១០០០លាន​ដុល្លារ​ ហើយ​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ ទៅ​ ប្រទេស​កាណាដា​ ភាគច្រើន​ជា​ផលិតផល​ សំលៀក​ បំពាក់​ ។

ទាក់ទង​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP​) វិញ​ លោកស្រី​បាន​ថ្លែង​ថា​ កាណាដា​ផ្តល់​ភាព​អនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ ក្នុង​គោលដៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ​ ដោយ​មិន​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។ លោកស្រី​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ កាណាដា​បាន​បង្កើត​មូលនិធិ​ សម្រាប់​ការ​បញ្ជូន​កងកម្លាំង​ស្រ្តី​ក្នុង​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ ហើយ​តាមរយៈ​មូលនិធិ​នេះ​ លោកស្រី​សង្ឃឹមថា​ កម្ពុជា​ នឹង​ទទួល​បាន​មូលនិធិ​បន្ថែម​ សម្រាប់​ការ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្រ្តី​កម្ពុជា​។

លោក​ ឧបនាយក​រដ្ឋមន្រ្តី​ប្រាក់​ សុ​ខុន​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ផ្ទាល់ខ្លួន​របស់​លោកស្រី​ទូត​ ក្នុង​ការ​រួមចំណែក​ដល់​ការ​លើកកម្ពស់​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ ដែល​សបញ្ជាក់​តាមរយៈ​កំណើន​យ៉ាង​លឿន​ នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-កាណាដា​។

លោក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​កាណាដា​ ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ជាពិសេស​លើ​វិស័យ​កំចាត់​មីន​ អប់រំ​ បេសកកម្ម​ថែរក្សា​សន្តិភាព​ និង​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​ក្របខណ្ឌ​អាស៊ាន​ លោក​បាន​បញ្ជាក់​ថា​ កម្ពុជា​គាំទ្រ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA​) អាស៊ាន​-កាណាដា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here