ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ អ្នកជំនាញអចលនទ្រព្យ ក៏ដូចជាក្រុនហ៊ុនភ្នាក់ងារ និងអភិវឌ្ឍន៍ នឹងមកជួបជុំគ្នាដើម្បីភ្ជាប់ទំនាក់ទំនងមុខជំនួញ និងផ្លាស់ប្ដូរបទពិសោធន៍តាមរយៈកម្មវិធី «2nd Yearly National Convention ដែលរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia ។
យ៉ាងហោចណាស់មានមនុស្សប្រមាណជាង៦៥០នាក់ ដែលសុទ្ធតែជាអ្នកជំនាញ និងមានបទពិសោធន៍នៅក្នុងវិស័យអចលនទ្រព្យអន្តរជាតិចម្រុះជាតិសាសន៍ និងមកពីច្រើនប្រទេសនៅលើសាកលលោក នឹងមកជួបជុំគ្នា ដើម្បីបង្កើតទំនាក់ទំនងបណ្តាញលើមុខជំនួញអចលនទ្រព្យ ដែលនឹងប្រារព្វឡើងនៅសណ្ឋាគារ សូហ្វីតែល នៅត្រឹមល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ។
-->
នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា តាមរយៈកម្មវិធីប្រចាំឆ្នាំមួយនេះ នឹងផ្តល់ជាប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលបានចូលរួម ជាពិសេសបានស្វែងយល់ពីបរិបថនៃវិស័យអចលនទ្រព្យនៅលើទីផ្សារអន្តរជាតិ។

លោកស្រីបានបន្តទៀតថា “នៅក្នុងព្រឹត្តិការណ៍មួយនេះ គឺមានការជួបជុំនូវសមាសភាពក្រុមហ៊ុននានាដែលស្ថិតនៅក្នុងគ្រួសារ Century21 ទូទាំងសាកលលោក ហើយក៏មានបណ្តាក្រុមហ៊ុនដទៃទៀត ដែលមកពីសហរដ្ឋអាមេរិក ជប៉ុន ហុងកុង អូស្ត្រាលី កូរ៉េ វៀតណាម ថៃ សិង្ហបុរី តៃវ៉ាន់ ចិន ជាដើម ក្នុងនាមជាដៃគូសហការផងដែរ”។
លោកស្រីបានបន្តទៀតថា “ព្រឹត្តិការណ៍មួយនេះ គឺពិតជាមានសារសំខាន់សម្រាប់ក្រុមហ៊ុនដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យ ដោយសារក្រុមហ៊ុន Century21 Cambodia នឹងធ្វើការបង្ហាញពីបរិបថទូទៅនៃការអភិវឌ្ឍវិស័យអចលនទ្រព្យ ក៏ដូចជាសក្ដានុពលទីផ្សារនៅកម្ពុជា ដើម្បីទាក់ទាញការវិនិយោគពីបណ្តាក្រុមហ៊ុនអន្តរជាតិនានាបន្ថែមទៀត”។
លោកស្រីបានបន្តទៀតថា “គោលដៅសំខាន់នៃការរៀបចំកម្មវិធីប្រចាំមួយនេះ គឺការប្រមូលផ្តុំបណ្តាក្រុមហ៊ុនដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យអាចបង្កើតកិច្ចទំនាក់ទំនង ធ្វលការជាដៃគូ ជាពិសេសគឺការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក”៕