ចំណូល​ពី​ការនាំចេញ​ចេក​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​ រំពឹង​ថា​អាច​នឹង​ខ្ពស់​ជាង​ការនាំចេញ​អង្ករ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការនាំចេញ​ផ្លែ​ចេក​កម្ពុជា​ នៅ​ត្រឹម​រយៈពេល៩ខែ​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ មាន​ចំនួន​សរុប​ជាង ១១​,០៥​ ម៉ឺន​តោន​ ក្នុង​នោះ​ទីផ្សារ​ដែល​នាំចេញ​ដ៏​សំខាន់​ជាងគេ​នោះ​គឺ​ប្រទេស​ចិន​។

អ្នកទទួល​ខុសត្រូវ​ក្នុង​ក្រុមហ៊ុន​ Longmate​ ដែល​ទទួល​បានការ​អនុញ្ញាត​លើ​ការ​នាំ​ផ្លែ​ចេក​កម្ពុជា​ ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដំបូង​គេ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ដោយ​ទទួល​បាន​អត្ថ​ប្រយោជន៍​ នៃ​សក្តា​នុ​ពល​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន​ ការនាំចេញ​ផ្លែ​ចេក​កម្ពុជា​នឹង​មានការ​កើនឡើង​កាន់តែ​ខ្ពស់​ ហើយ​សង្ឃឹមថា​អាច​ក្លាយជា​ផលិតផល​ដ៏​ចាំបាច់​ ក្នុង​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ ហើយ​អាច​បង្កើន​បាន​ប្រាក់ចំណូល​ខ្ពស់​ជាង​ផលិតផល​អង្ករ​ថែមទៀត​ផង​។

ជាមួយនឹង​ការ​ទទួល​បាន​ភាព​ជោគជ័យ​ទៅលើ​ការនាំចេញ​នេះ​ បច្ចុប្បន្ន​ ក្រុមហ៊ុន​កំពុង​មាន​គម្រោង​ ពង្រីក​ផ្ទៃដី​ដាំដុះ​ដំណាំ​ចេក​កាន់តែ​ធំ​ ដើម្បី​សម្រេច​ទទួល​បានការ​នាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​ ចំនួន២២ម៉ឺន​តោន​ក្នុង​ឆ្នាំ២០១៩នេះ​ និង​សម្រេច​បាន៣៣ម៉ឺន​តោន​នា​ឆ្នាំ២០២០ខាងមុខនេះ​។ ក្នុងរយៈ​ពេល​ថ្មី​ៗកន្លងមក​នេះ​ ចិន​បាន​អនុ​ញ្ញា​តសហគ្រាស​ថ្មី​ចំនួន៤​ ក្នុង​ការនាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​ ហើយ​បច្ចុប្បន្ន​នេះ​សហគ្រាស​ ដែល​នាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន៩ក្រុមហ៊ុន​។

​ក្រៅពី​នេះ​ ក្រុមហ៊ុន​ Beijing​ Capital​ Agribusiness​ Group​ (CAG​) ក៏បាន​ប្រកាស​ថា​នឹង​វិនិយោគ​តម្លៃ​ជាង៣០ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ធ្វើការ​បង្កើត​ចម្ការ​ដាំដុះ​ដំណាំ​ចេក​ក្នុង​ប្រទេស​កម្ពុជា​លើ​ផ្ទៃដី​ជាង ១៥០០ហិ​កតា​។

លោក​ឧកញ៉ា​លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​វិនិយោគ​លើ​ចំការ​ចេកអំបូង​លឿន​ប្រមាណ១០០០ហិ​កតា​ ដើម្បី​នាំចេញ​ផង​ដែរ​នោះ​បាន​មានប្រសាសន៍​ថា​ ទីផ្សារ​ចេកអំបូង​លឿង​នៅ​កម្ពុជា​មាន​ភាព​ទូលំទូលាយ​ ដោយ​យើង​អាច​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ធំៗ​ជាច្រើន​ ដែល​នេះ​ជា​សក្តា​នុ​ពល​មួយ​សំរាប់​កម្ពុជា​ ដែល​អាច​ពង្រីក​ទីផ្សារ​នាំចេញ​បាន​កាន់តែ​ច្រើន​នា​ពេល​អនាគត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here