ក្រសួងបរិស្ថាន​លក់​ឥណទាន​កាបូន​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន១១លាន​ដុល្លារ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងបរិស្ថាន​បាន​លក់​ឥណទាន​កាបូន​ ក្នុង​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​ ស្រុក​កែវសីមា​ ខេត្ត​ស្ទឹងត្រែង​ បាន​ចំនួន១១លាន​ដុល្លារ​ ​សម្រាប់​ទ្រទ្រង់​ដល់​ការ​ការពារ​ និង​អភិរក្ស​ ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ ដែល​ឆ្លើយតបទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​ ( Sustainable​ Financing​ )។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​សាយ​ សំ​អាល់​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ ឆ្នាំ២០១៩​ និង​ទិសដៅ​ការងារ​ ឆ្នាំ២០២០​» នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ នា​ព្រឹក​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ ចំពោះ​ចំណូល​បាន​មក​ពី​ឥណទាន​កាបូន​ ប្រមាណ១១លាន​ដុល្លារ​អាមេរិក​នេះ​ គឺជា​អត្ថ​ប្រយោជន៍​ជាក់ស្តែង​ កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ​។

លោក​បាន​លើកឡើង​ថា​ ដោយមាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ ជាមួយ​អង្គការ​ WCS​ អង្គការ​CI​ និង​អង្គការ​ Wildlife​ Alliance​ ក្រសួងបរិស្ថាន​ បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ (ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​) ដែនជម្រកសត្វព្រៃ​ក្រ​វ៉ា​ញខាងត្បូង​ និង​ដែនជម្រកសត្វព្រៃ​តា​តៃ​ ក្រោម​ក្របខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​ ដោយ​ទទួល​បាន​ថវិកា​សរុប​ប្រមាណ១១លាន​ដុល្លារ​អាមេរិក​ សម្រាប់​ទ្រទ្រង់​ដល់​ការ​ការពារ​ និង​អភិរក្ស​ ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ ដែល​ឆ្លើយតបទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​ ( Sustainable​ Financing​ )។

ផ្អែក​តាម​ឯកសារ​បាន​បង្ហាញថា​ កាលពី​ឆ្នាំ២០០៩​ អង្គការ​ Pact​ Cambodia​ បាន​វិនិយោគ​ នៅក្នុង​កម្មវិធី​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ មិន​ឲ្យ​មានការ​កាប់ព្រៃ​ឈើ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្មវិធី​ REDD​+។ កម្មវិធី​ REDD​+ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ «មាស​ ៣» ពី​សហគមន៍​សម្ព័ន្ធ​បរិយាកាស​ និង​ជីវៈ​ចម្រុះ​ មាន​គោលបំណង​ដើម្បី​លក់​ឥណទាន​កាបូន​ ជា​ថ្នូរ​នឹង​ការកាត់បន្ថយ​ការ​កាប់ព្រៃ​ឈើ​ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​។

​ប៉ុន្តែ​អង្គការ​ Pact​ បាន​ចាកចេញ​ពី​គម្រោង​នេះ​ កាលពី​ខែកក្កដា​ ឆ្នាំ២០១៣​ នៅពេល​ការ​លក់​មានតម្លៃ​រហូតដល់
១​,២លាន​ដុល្លារ​ ពី​ការ​លក់​ឥណទាន​កាបូន​កកើត​ឡើងវិញ​។

កាលពី​ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៦​ ក្រុមហ៊ុន​ ឌី​សនី​ (Disney​) របស់​សហរដ្ឋអាមេរិក​ បានសម្រេច​ចុះហត្ថលេខា​ទិញ​កាបូន​ រេ​ដបូ​ក (Carbon​ Redd​+) នៅ​ដែនជម្រកសត្វព្រៃ​កែវសីមា​ចំនួន ២​,៦លាន​ដុល្លារ​។ កិច្ចសន្យា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ នៅ​ក្រសួងបរិស្ថាន​ ក្នុង​កិច្ចសន្យា​រយៈពេល២ឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here