ដោយ វុត្ថា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហកិច្ចសហប្រតិបត្តិការ រវាងភាគីកម្ពុជា-អាមេរិក និងបានប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូតរូបនេះ បានមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៧ (7th ASEAN-US Summit) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទ IMPACT Muang Thong Thani ប្រទេសថៃ។
-->
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរជូន លោក W. Patrick Murphy ក្នុងឱកាសដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ជាមួយគ្នានេះលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិបានជំរុញឱ្យវិស័យធុរកិច្ចអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ក៏ដូចជាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច ដើម្បីជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់៣៤៣៨លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានចំនួន៣,០៥១ លានដុល្លារ ខណៈកម្ពុជាចូលមកវិញមានចំនួន៣៨៧ លានដុល្លារអាមេរិក៕