ដោយ វុត្ថា
ខេត្តកំពតៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពតនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ។

-->
លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរៀបចំបដិសណ្ឋារកិច្ច សម្ដេចអគ្គមតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុនរ៉ុង និងបញ្ជាក់អំពីការអញ្ជើញសមាសភាពចូលរួម និងការទទួលខុសត្រូវ។
ក្រុមហ៊ុន ថៃប៊ុនរ៉ុង បានចំណាយដើមទុនវិនិយោគ ទឹកប្រាក់សរុប១២០លានដុល្លារអាមេរិក សម្រាប់ការកសាងរោងចក្រស៊ីម៉ងតិ៍នេះ និងគម្រោងកំណែទម្រង់បច្ចេកវិទ្យាផលិតកម្ម ។ ខ្សែសង្វាក់ផលិកម្មថ្មីនេះ បំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពផលិតស៊ីម៉ងតិ៍ បានប្រមាណ២លានតោនក្នុង១ឆ្នាំ និងផ្តល់ឪកាសការងារដល់ពលរដ្ឋកម្ពុជាបានចំនួន៣០០នាក់។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍កន្លងមកនេះថា រោងចក្រស៊ីម៉ង់តិ៍នៅកម្ពុជា នឹងចូលរួមចំណែកច្រើន ក្នុងការផ្គត់ផ្គង់សភារៈសំណង់ នៅកម្ពុជា និងកាត់បន្ថយការនាំចូលស៊ីម៉ងតិ៍មកពីបរទេស។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យធ្វើលំនៅឋាន និងសំណង់ផ្សេងៗដោយប្រើដែក និងស៊ីម៉ងតិ៍ ព្រោះវាបានរួមចំណែកទប់ស្កាត់ការកាប់ឈើដើម្បីធ្វើលំនៅឋាន។

រោងចក្រផលិតស៊ីម៉ង់ត៍ថៃប៊ុនរ៉ុងនេះគឺស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត អាចមានសមត្ថភាពផលិតបាន ប្រមាណ៣០០០តោនក្នុងមួយថ្ងៃ ខណៈដែលរោងចក្រផលិតស៊ីម៉ង់ត៍ផ្សេងទៀតក្នុងខេត្តកំពត អាចផលិតបានក្នុងរង្វង់លើសខ្វះគ្នាបន្តិចបន្តួច។

ខេត្តកំពតគឺជាខេត្តមានសកត្តានុពល ក្នុងវិស័យឧស្សាហកម្ម ក្នុងនោះមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៣កន្លែង រួមមានរោងចក្រជីពម៉ុង រោងចក្រចក្រីទីង និងរោងចក្រខេស៊ីម៉ិន ដែលអាចផ្គត់ផ្គង់ស៊ីម៉ង់ត៍តម្រូវការប្រើប្រាស់ ក្នុងប្រទេសបានជាង៧០% នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ៕