ដោយគង់ សូរិយា
ភ្នំពេញៈ លោកស្រី Dina Umali Deininger ប្រធានប្រតិបត្តិគម្រោងនៃការិយាល័យធនាគារពិភពលោក ប្រចាំទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិកបានសម្តែងការអបអរសាទរចំពោះការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាគួរជាទីមោទនៈ។

ដោយគង់ សូរិយា
ភ្នំពេញៈ លោកស្រី Dina Umali Deininger ប្រធានប្រតិបត្តិគម្រោងនៃការិយាល័យធនាគារពិភពលោក ប្រចាំទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិកបានសម្តែងការអបអរសាទរចំពោះការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាគួរជាទីមោទនៈ។

លោកស្រីបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាព្រឹកថ្ងៃទី៤ វិច្ឆិកានេះ។លោកស្រីបន្តថា ប្រទេសកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនគួរជាទីមោទន និងបានប្រែក្លាយខ្លួនទៅជាប្រទេស មានប្រាក់ចំណូលមធ្យមកាលពីឆ្នាំ២០១៥។
លោកស្រី Dina Umali Deininger បានមានប្រសាសន៍ថា “កម្ពុជាបានកាត់បន្ថយកម្រិតភាពក្រីក្រ ព្រមទាំងបង្កើនកម្រិតជីវភាពរស់នៅល្អប្រសើរ”។
លោកស្រីក៏បានកើតសរសើរពីការអនុវត្តគម្រោងកន្លងមក និងកិច្ចសហប្រតិបត្តិការរួមគ្នានាពេលខាងមុខផងដែរ”។ ជាមួយនេះ លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចសហការល្អរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយធនាគារពិភពលោក ដោយធានាបានូវការអនុវត្តសកម្មភាពការងាររបស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចទទួលបានជោគជ័យទាន់ពេល ដែលគម្រោងនេះ គឺជាផ្នែកមួយគាំទ្រនឹងកម្មវិធីសម្បទានដី សង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងជំនួបនេះ លោកស្រី Dina Umali Deininger ប្រធានប្រតិបត្តិគម្រោងនៃការិយាល័យធនាគារពិភពលោក ប្រចាំទីក្រុងវាស៊ិនតោន សហរដ្ឋអាមេរិកបានឱ្យដឹងថា ការដែលលោកស្រី ដឹកនាំគណៈប្រតិភូធនាគារពិភពលោក ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នាពេលនេះ គឺក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីគម្រោងវិនិយោគហិរញ្ញប្បទានដោយធនាគារពិភពលោក ដែលកំពុងដំណើរការអនុវត្តជាទូទៅនៅកម្ពុជា និងស្វែងរកយោបល់អនុសាសន៍ជុំវិញការត្រៀមរៀបចំអនុវត្តគម្រោង LASED III នាពេលខាងមុខ។

ជាការឆ្លើយតប លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន ប្រសាសន៍ថា ក្រសួងប្តេជ្ញាអនុវត្តគម្រោងសម្បទានហិរញ្ញប្បទាន របស់ធនាគារពិភពលោក ឱ្យមានប្រសិទ្ធភាពនិងបញ្ចប់ទៅតាមផែនការគ្រោងទុកនៅបំណាច់ឆ្នាំ២០២១។ បច្ចុប្បន្នក្រសួងកំពុងបន្តកំណត់លទ្ធភាពដី និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ ដើម្បីអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ជាមួយនេះ ក៏ត្រូវត្រួតពិនិត្យមើល ពីការចែកដីហើយសម្បទានិក មិនបានយកទៅប្រើប្រាស់ផងដែរ។
ម៉្យាងទៀតក្រសួងក៏ត្រូវការហិរញ្ញប្បទាន លើសកម្មភាពអាទិភាពមួយចំនួនដូចជា រៀបចំកសាងផែនការប្រើប្រាស់ដី ឃុំ សង្កាត់ ស្រុក ខណ្ឌ ដោយបច្ចុប្បន្ន ធនាគារពិភពលោកបានជួយ ចំនួន៩០ឃុំ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវការជំនួយយ៉ាងតិច៩០០ឃុំ នៅឆ្នាំក្រោយ។ ផែនការប្រើប្រាស់ដីនេះ នឺងជួយពន្លឿនកំណើនសេដ្ឋកិច្ចខ្លាំងនៅជនបទនិងកាត់បន្ថយភាពក្រីក្រផងដែរ។
លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងចុះបញ្ជីដីរដ្ឋ ហិរញ្ញប្បទានគាំទ្រលំនៅឋានសមរម្យ ធន់នឹងអាកាសធាតុសម្រាប់ជួយប្រជាពលរដ្ឋក្រីក្ររងគ្រោះ ដោយគ្រោះធម្មជាតិ ដូចជាបាក់ច្រាំង លិចទឹក ខ្យល់ព្យុះជាដើម។ ក្រសួងបានរៀបចំមន្រ្តីអនុវត្តគម្រោងចំនួន២៧រូប ដែលសុទ្ធសឹងតែជាមន្រ្តីសកម្ម និងជួយឱ្យគម្រោងទទួលបានជោគជ័យ ។ ប្រសិនបើមានការខ្វះខាតបុគ្គលិក រឺសម្ភារៈផ្សេងទៀត ក្រសួងត្រៀមនឹងគាំទ្របន្ថែមទៀត។

លោកបន្តថា ក្រសួងមានមោទនាភាព ដែលបានទទួលការគាំទ្រពីធនាគារពិភពលោកទាំងបច្ចេកទេស និងហិរញ្ញប្បទាន ប៉ុន្តែកន្លងមកឃើញថា មានមន្រ្តីធនាគារពិភពលោកផ្នែកសុវត្ថិភាពសង្គម ជួយមិនទាន់បានគ្រប់គ្រាន់ ដោយសារតែមានពេលវេលាមមាញឹកពេក ដូចនេះការរៀបចំឯកសារសុវត្ថិភាពសង្គមមានការយីតយ៉ាវ មិនទាន់សភាពការណ៍វិវត្តន៍របស់គម្រោង ដែលត្រៀមទទួលហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោង LASED III ដូចនេះសូមជួយណែនាំមន្រ្តីរដ្ឋាភិបាលបន្ថែមឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រេចបានការបង្កើតឯកសារគម្រោង LASED III ឱ្យបានទាន់ពេលវេលា៕
