ដោយ ប៊ី
បាងកកៈ អាជ្ញាធរអគ្គិសនីថៃ (Egat) គ្រោងនឹងពិភាក្សាជាមួយអាជ្ញាធរថាមពលនៅកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីធ្វើពាណិជ្ជកម្មអគ្គិសនីពីថៃ ដែលមានកម្លាំងថាមពេល ៥០០មេហ្គាវ៉ាត់។
លោក Patana Sangsriroujana អភិបាលរងនៃគោលនយោបាយ និងផែនការ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា អាជ្ញាធរអគ្គិសនីថៃត្រូវបានបញ្ជា ដោយរដ្ឋមន្រ្តីក្រសួងថាមពល Sontirat Sontijirawong ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលទាំងពីរអំពីការធ្វើពាណិជ្ជកម្មថាមពលនាពេលអនាគត។
-->
លោក Patana មានប្រសាសន៍ថា “ការលក់ទៅឱ្យកម្ពុជា នឹងធ្វើឡើងលឿនជាង មីយ៉ាន់ម៉ា ពីព្រោះបណ្តាញបញ្ជូនមួយចំនួន ត្រូវបានអភិវឌ្ឍរួចហើយនៅកម្ពុជា។ ប៉ុន្តែមីយ៉ាន់ម៉ា ត្រូវការការវិនិយោគថ្មីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល”។
លោកបានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មអគ្គិសនីដល់ប្រទេសទាំងពីរ គួរតែចាប់ផ្តើមនៅឆ្នាំ២០២៣។ រដ្ឋមន្រ្តីថាមពលនៃប្រទេសទាំងបីចាំបាច់ ត្រូវព្រមព្រៀងលើកិច្ចសន្យាមួយ។
លោក Patana បាននិយាយថា រដ្ឋាភិបាលឡាវក៏ចាប់អារម្មណ៍ ក្នុងការធ្វើពាណិជ្ជកម្មអគ្គិសនីដល់កម្ពុជា និងមីយ៉ាន់ម៉ាក្រោមក្រុមហ៊ុន Battery of Asia policy របស់ខ្លួន។
បន្ទាប់ពីការពិភាក្សាបញ្ចប់ ទាំងអ្នកទិញ និងអ្នកលក់ នឹងសិក្សាពីលទ្ធភាពលម្អិតបន្ថែមទៀត ដូចជា សមត្ថភាពថាមពល ទីតាំងខ្សែបណ្តាញបញ្ជូន ពន្ធថាមពលនិងរយៈពេលធ្វើពាណិជ្ជកម្ម។
ពាណិជ្ជកម្មថ្មីនេះ គឺជាជំហានមួយទៀត បន្ទាប់ពីកិច្ចព្រមព្រៀងថាមពលរវាងឡាវ ម៉ាឡេស៊ី និងថៃ។
ប្រទេសទាំងបីបានព្រមព្រៀងគ្នា ក្នុងការទិញថាមពលអគ្គីសនីលើកទី២ ក្រោមគម្រោងថាមពលសមាហរណកម្មឡាវ ថៃ និងម៉ាឡេស៊ី (LTM-PIP) កាលពីខែ កញ្ញា ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីថាមពល និងកិច្ចប្រជុំពាក់ព័ន្ធ (AMEM) នៅទីក្រុងបាងកក។
ពាណិជ្ជកម្មរវាងប្រទេសទាំងបី បានកើនឡើងដល់៣០០មេហ្កាវ៉ាត់ ពី១០០មេហ្គាវ៉ាត់ នៅក្នុងក្រោមគម្រោងថាមពលសមាហរណកម្មឡាវ ថៃ និងម៉ាឡេស៊ី៕