ប្រទេស​ដាណឺម៉ាក​បើក​ស្ថាន​កុងស៊ុល​ដាណឺម៉ាក​លើកដំបូង​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​ដាណឺម៉ាក​បាន​បើក​ស្ថាន​កុងស៊ុល​ កិត្តិយស​លើកដំបូង​នៅ​ភ្នំពេញ​ ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ និង​សម្រួល​ជនជាតិ​ដាណឺម៉ាក​ដែល​ត្រូវការ​ជំនួយ​កុងស៊ុល​នៅ​កម្ពុជា​។

ដាណឺម៉ាក​បាន​បើក​ការិយាល័យ​ ស្ថាន​កុងស៊ុល​កិត្តិយស​លើកដំបូង​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ ខណៈ​ស្ថាន​កុងស៊ុល​កិត្តិយស​ដឹកនាំ​ដោយ​ លោក​ Kjeld​ M. Olsen​ ជា​អ្នកជំនួញ​ដាណឺម៉ាក​ និង​ជា​អ្នក​រស់នៅ​កម្ពុជា​តាំងពី​យូរ​មក​ហើយ​។

ការតែងតាំង​លោក​ Kjeld​ M. Olsen​ ធ្វើឡើង​ដោយ​ព្រះ​មហាក្សត្រី​យា​នី​ Margrethe​ II​ នៃ​ប្រទេស​ដាណឺម៉ាក​។

នៅ​ស្ថាន​កុងស៊ុល​ ដាណឺម៉ាក​អាច​ដាក់ពាក្យសុំ​លិខិតឆ្លងដែន​បន្ទាន់​ ពង្រីក​សុពលភាព​នៃ​លិខិតឆ្លងដែន​ លិខិតឆ្លងដែន​ថែទាំ​កុមារ​ (ក្មេង​អាយុ​ក្រោម​ ១២​ ឆ្នាំ​) បញ្ជាទិញ​ប័ណ្ណបើកបរ​ (សំរាប់​តែ​ពលរដ្ឋ​ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ដាណឺម៉ាក​) ប័ណ្ណបើកបរ​អន្តរជាតិ​ និង​ការបកប្រែ​ប័ណ្ណបើកបរ​។

អគ្គ​កុងស៊ុល​កិត្តិយស​ ដែល​ទើបត្រូវ​បាន​តែងតាំង​ថ្មី​លោក​ Kjeld​ M. Olsen​ ត្រូវ​បាន​ដកស្រង់​សម្តី​ នៅ​លើ​គេហទំព័រ​របស់​ស្ថានទូត​ដាណឺម៉ាក​ នៅ​ទីក្រុង​បាងកក​ថា​ “ខ្ញុំ​មាន​មោទនភាព​ ដែល​ទទួល​បាន​តួនាទី​ និង​ភារកិច្ច​នេះ​”។លោក​បាន​បន្ត​ថា​ “ខ្ញុំ​ទន្ទឹងរង់ចាំ​ការ​ចាប់ផ្តើម​ និង​ជួយ​ជនជាតិ​ដាណឺម៉ាក​ ដែល​ត្រូវការ​ជំនួយ​កុងស៊ុល​នៅ​កម្ពុជា​។ ក្នុងនាម​ជា​អ្នកជំនួញ​ ខ្ញុំ​ក៏​ទន្ទឹងរង់ចាំ​ការចូលរួម​ចំណែក​ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​ដាណឺម៉ាក​ និង​កម្ពុជា​”។

លោក​ Kjeld​ M. Olsen​ មាន​អាជីព​យូរអង្វែង​ ដោយមាន​បទពិសោធន៍​ច្រើនជាង​ ២៥​ ឆ្នាំ​ក្នុងនាម​ជា​សហគ្រិន​ម្នាក់​ក្នុង​ឧស្សាហកម្ម​រថយន្ត​ ហើយ​ពេញ​មួយ​អាជីព​របស់​លោក​គឺ​ឈ្មោះ​ Kjeld​ Olsen​ ដែល​បាន​ធ្វើការ​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់​។ សព្វថ្ងៃ​ លោក​រស់នៅ​ភ្នំពេញ​ ខណៈ​លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ Car4you​ និង​ Danfilcarz​។

នៅ​ឆ្នាំ២០១៧​ លោក​Kjeld​ Olsen​ គឺជា​កម្លាំង​ដ៏​សំខាន់​មួយ​នៅ​ពីក្រោយ​គ្រឹះ​ NordCham​ ជាផ្នែក​មួយ​របស់​EuroCham​ ដែល​មាន​គោលបំណង​លើកកម្ពស់​ក្រុមហ៊ុន​អឺរ៉ុប​ខាងជើង​នៅ​កម្ពុជា​។

គេហទំព័រ​របស់​ស្ថានទូត​បាន​ដកស្រង់​សំដី​ របស់​ឯកអគ្គ​រដ្ឋទូត​ Uffe​ Wolffhechel​ ដោយ​រីករាយ​ ដែល​ស្ថាន​កុងស៊ុល​អាច​ជួយ​ជា​ភាសា​ជាច្រើន​។

លោក​ឯកអគ្គ​រដ្ឋទូត​ Wolffhechel​ មានប្រសាសន៍​ថា​ “ដោយមាន​ស្ថាន​កុងស៊ុល​ដាណឺម៉ាក​នៅ​ភ្នំពេញ​ ឥឡូវនេះ​យើង​មិន​ត្រឹមតែ​អាច​ផ្តល់​ជំនួយ​កុងស៊ុល​ និយាយ​ភាសា​ដាណឺម៉ាក​ប៉ុណ្ណោះទេ​ យើង​ក៏អាច​ផ្តល់​ជំនួយ​ជាច្រើន​ ដល់​ជនជាតិ​ដាណឺម៉ាក​នៅ​កម្ពុជា​ផង​ដែរ​”។

លោក​បាន​បន្ត​ថា​ “ខ្ញុំ​ជឿជាក់​ថា​លោក​Kjeld​ មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​តួនាទី​ជា​កុងស៊ុល​ មិនមែន​ដោយសារតែ​ចំណេះដឹង​ជ្រៅជ្រះ​ និង​យូរអង្វែង​របស់​លោក​នៅក្នុង​ប្រទេស​នោះ​ទេ​ ប៉ុន្តែ​ក៏ដោយសារតែ​ភាព​វាងវៃ​នៃ​អាជីវកម្ម​ និង​បណ្តាញ​ទូលំទូលាយ​របស់​លោក​”។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ “ខ្ញុំ​ជឿជាក់​ថា​ លោក​ Kjeld​ នឹង​មាន​សមត្ថភាព​ជួយ​ដល់​ដាណឺម៉ាក​ក្នុង​ស្ថានភាព​បន្ទាន់​ និង​ជាមួយ​បញ្ហា​កុងស៊ុល​ទូទៅ​ថែមទៀត​ ទន្ទឹម​នឹង​ការ​ផ្តល់​ការ​គាំទ្រ​ ដល់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​ដាណឺម៉ាក​និង​កម្ពុជា​។ ខ្ញុំ​ និង​ស្ថានទូត​នៅ​ទីក្រុង​បាងកក​ ពិតជា​ទន្ទឹង​រង​ចាំ​ធ្វើការ​ជាមួយ​លោក​ Kjeld​ “។

ដាណឺម៉ាក​មាន​ប្រជាជន​ចំនួន​ ៥,៧៧​ លាន​នាក់​។ រដ្ឋធានី​របស់​ដាណឺម៉ាក​មាន​ Copenhagen​ និង​មាន​ចំណូល​សរុប​ក្នុង​មនុស្សម្នាក់​ ៦០​, ៨៩៧​ ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​ និង​មានផ្ទៃ​ដី​សរុប​ ៤២,៩៣៣​ ម៉ែត្រការ៉េ​។ (ប្រភព​ Scandasia​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here