ដោយ វុត្ថា
ភ្នំពេញៈ យុទ្ធសាស្ត្រនៃគោលនយោបាយជាតិស្តីពី លំនៅឋានគឺជាការឆ្លើយតបទៅនឹងសិទ្ធិមនុស្សជាមូលដ្ឋាន ក្នុងការទទួលបានលំនៅឋានសមរម្យ ការគិតគូរពីតម្រូវការលំនៅឋានចំពោះមុខ និងការបម្រុងទុកនូវទីតាំង សម្រាប់ការសាងសង់លំនៅឋាន ការបង្កើនកិច្ចសហការជាដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន ការកសាងរចនាសម្ព័ន្ធមូលនិធិលំនៅឋាន។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និសំណង់បានឱ្យដឹងថា វិធានការចំពោះមុខ នៃការដោះស្រាយរាល់ការតាំងទីលំនៅបណ្តោះអាសន្ន តាមរយៈយុទ្ធសាស្ត្រ នៃគោលនយោបាយជាតិស្តីពីលំនៅឋានមានជាអាទិ៍៖
-->
ក) តម្រង់ទិសនៃការដោះស្រាយតម្រូវការលំនៅឋាននាពេលអនាគត ដោយផ្តោតសំខាន់លើតម្រូវការលំនៅឋានរបស់ក្រុមគ្រួសារ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ។
ខ) អនុញ្ញាតឱ្យអ្នកតាំងលំនៅមិនស្របច្បាប់ និងសហគមន៍ក្រីក្ររស់នៅជាបណ្តោះអាសន្ន មានរយៈពេលកំណត់ ដើម្បីសិក្សាស្វែងរកដំណោះស្រាយតាមករណីនៃទីតាំងសំណង់បណ្តោះអាសន្ននីមួយៗ។
គ) ធានាថាការផ្លាស់ប្តូរទីតាំងលំនៅឋាន ដែលជាជម្រើសចុងក្រោយនឹងត្រូវអនុវត្តស្របតាមនីតិវិធី គោលការណ៍អភិបាលកិច្ចល្អ មានតម្លាភាព និងគណនេយ្យភាព និងមានការចូលរួមពីអ្នករងផលប៉ះពាល់។
ឃ) ធ្វើសមាហរណកម្មការតាំងទីលំនៅជាថ្មី ទៅក្នុងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ទីក្រុង ទីប្រជុំជន។
ង) ខិតខំធានា និងរក្សានិរន្តរភាពសង្គម រចនាសម្ព័ន្ធ និងតួនាទីនៃលំនៅឋានចាស់ និងលំនៅឋានថ្មី ដោយមានការចូលរួមពីសហគមន៍ផ្ទាល់។
ច) សិក្សាលទ្ធភាព និងនីតិវិធីនៃការរៀបចំរចនាសម្ព័ន្ធមូលនិធិ សម្រាប់លំនៅឋាន និងការបង្កើតធនាគារសម្រាប់លំនៅឋាន។
ឆ) ជួយគាំទ្រ និងផ្តល់សិទ្ធិចូលរួមសម្រេចរបស់ប្រជាជន និងសហគមន៍មូលដ្ឋាន៕