រដ្ឋា​ភិ​បាល​ណូវែល​ហ្សឺ​ឡង់​នឹង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​-សុវត្ថិភាព​កសិ​ពាណិជ្ជកម្ម​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ប្រទេស​ណូវែល​ហ្សឺ​ឡង់​ បាន​បង្ហាញ​ពី​កិច្ច​គាំទ្រ​ក្នុង​ការសិក្សា​ និង​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី​គុណភាព​ សុវត្ថិភាព​នៃ​កសិផល​កម្ពុជា​ ដើម្បី​ជួយ​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅ​លើ​ទូទាំង​សាកលលោក​។

នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​ កាលពី​ល្ងាច​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ គណៈប្រតិភូ​មក​ពី​ក្រសួង​ឧស្សាហកម្ម​បឋម​ នៃ​ប្រទេស​ណូវែល​ហ្សឺ​ឡង់​ ដឹកនាំ​ដោយ​លោកស្រី​ Jenny​ Reid​ ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍​ បាន​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោ​កវេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។

ក្នុង​កិច្ច​ជំនួប​ខាងលើ​នេះ​ ថ្នាក់ដឹកនាំ​តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំង២​ ក៏បាន​ពិភាក្សា​លើ​ការពិនិត្យ​លទ្ធភាព​ នៃ​កិច្ច​កសាង​សហប្រតិបត្តិ​ការ​កម្ពុជា​-ណូវែល​ហ្សឺ​ឡង់​លើ​ការ​ផ្តល់​វិញ្ញាបនបត្រ​អេ​ឡិច​ត្រូ​និច​អនាម័យ​ និង​ភូតគាម​អនាម័យ​ (E-Certification​ on​ Sanitary​ and​ Phyto​-Sanitary​, SPS​)។

លោកស្រី​ Jenny​ Reid​ បាន​មានប្រសាសន៍​ថា​ ចំពោះ​កិច្ចការ​នេះ​ភាគី​ខាង​ ណូវែល​ហ្សឺ​ឡង់​ រីករាយ​នឹង​ផ្តល់​ការ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស​ បទពិសោធន៍​ មន្ត្រី​ជំនាញ​ និង​ការងារ​បណ្តុះបណ្តាល​ដល់​ភាគី​កម្ពុជា​ ហើយ​លោកស្រី​សង្ឃឹមថា​កម្ពុជា​ នឹងអាច​អនុវត្ត​ប្រព័ន្ធ​នេះ​បាន​នា​ពេល​អនាគត​ដ៏​ខ្លី​ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​។

លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ឆន្ទៈ​សហការ​ដែល​បាន​ផ្តល់​ពី​មន្ត្រី​ជំនាញ​ក្រសួង​ ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ដូច​ការ​រំពឹង​ទុក​។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​ លោក​ វេង​ សា​ខុន​ បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​រដ្ឋា​ភិ​បាល​ណូវែល​ហ្សឺ​ឡង់​ ដែល​បាន​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​ តាម​រយ:គម្រោង​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​ ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ និង​មន្ត្រី​ជំនាញ​កសិកម្ម​កម្ពុជា​ ឱ្យ​បន្ត​ការសិក្សា​នៅ​ប្រទេស​ណូវែល​ហ្សឺ​ឡង់​។

ការ​ផ្តល់​វិញ្ញាបនបត្រ​អេ​ឡិច​ត្រូ​និច​អនាម័យ​ និង​ភូតគាម​អនាម័យ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​វិ​ស័យ​កសិ​-ពាណិជ្ជកម្ម​ ស្រប​នឹង​គោលនយោបាយ​របស់ក្រ​សួង​ ដែល​បាន​ និង​កំពុង​ខិតខំ​បង្កើន​សមត្ថភាព​ ក្នុង​ការ​ផ្តល់​សេវា​សាធារណ:ប្រកបដោយ​ប្រសិទ្ធភាព​ទូលំទូលាយ​ ទាន់ពេល​វេលា​ និង​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​វិនិយោគិន​ស្នើសុំ​វិញ្ញាបនបត្រ​ SPS​ ដើម្បី​នាំចេញ​កសិផល​។

តាម​រយ:បទពិសោធន៍​ដែល​ណូវែល​ហ្សឺ​ឡង់​មាន​ អ្នកជំនាញ​មក​ពី​ប្រទេស​នេះ​នឹង​ចូលរួម​បណ្តុះបណ្តាល​បន្ថែម​នៅ​កម្ពុជា​ លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​ផ្តល់​វិញ្ញាបនបត្រ​អេ​ឡិច​ត្រូ​និច​អនាម័យ​ និង​ភូតគាម​អនាម័យ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន​ ហើយ​ក្រសួង​ ក៏ដូចជា​អង្គភាព​ពាក់ព័ន្ធ​ នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ពេញលេញ​ ដើម្បី​ឱ្យ​កិច្ចការ​នេះ​សម្រេច​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here