ដោយ វុត្ថា
ភ្នំពេញៈ បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការចំនួន២៣ ដែលមានគម្រោងវិនិយោគចំនួន៤៨២ ដែលផ្តល់ការងារដល់កម្មករកម្មការនីចំនួនជាង១៣ម៉ឺននាក់ និងចូលរួមចំណែកដល់ប្រមាណ១៤% នៃការនាំចេញសរុប។

លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងជំនួបជាមួយ លោក Eva Nguyen BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ខណៈបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុនៅថ្ងៃទី៦ ខែវិច្ឆិកានេះបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគចំនួន១៨១គម្រោង ដែលផ្តល់ការងារដល់កម្មករ កម្មការនី ចំនួនជាង២ម៉ឺន៥ពាន់នាក់។
លោករដ្ឋមន្ត្រីបន្តថា “ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតដោយផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយបច្ចុប្បន្ននេះការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ បាននិងកំពុងមានការរីកចំរើនយ៉ាងខ្លាំង”។
លោក Eva Nguyen BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានការរៀបចំបានល្អប្រសើរ និងបានចូលរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ខណៈលោកស្រីបានទស្សនារោងចក្រចំនួន៣ គឺរោងចក្រផលិតធុងទឹករថយន្ត រោងចក្រផលិតក្តារបន្ទះ និងរោងចក្រផលិតសម្ភារៈសម្រាប់ជិះសេះ។
លោកស្រីសន្យាថា នឹងជំរុញអ្នកវិនិយោគបារាំង ឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេស មកបណ្តាក់ទុននៅបណ្តាតំបន់សេដ្ឋកិច្ចពិសេស។
រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ច នៅតាមនៅរាជធានី ខេត្ត ដែលមានសក្តាដានុពលសេដ្ឋកិច្ច និងការដឹកជញ្ជូន ក្នុងគោលបំណងក្នុងការលើកលើកទឹកចិត្តពន្ធ និងអាករដល់អ្នកវិនិយោគក្នុងតំបន់។
បន្ថែមពីនេះរដ្ឋាភិបាល ក៏មានការលើកទឹកចិត្តលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ធាតុចូលផលិតកម្ម ត្រូវសម្រេចផ្តល់ជូនដល់អ្នកវិនិយោគក្នុងតំបន់តាមសំណូមពរ និងគោលការណ៍នៃច្បាប់ដោយសាមីអ្នកវិនិយោគ ក្នុងតំបន់នោះត្រូវរៀបចំបញ្ជីសម្ភារបរិក្ខារផលិតកម្ម សម្ភារៈសាងសង់ ធាតុចូលផលិតកម្មដែលត្រូវនាំចូល ទាំងនោះ ដាក់ជូនរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសពិនិត្យ ដែលនឹងត្រូវផ្តល់ជូននៅនឹងកន្លែង ហើយរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេសគ្រាន់តែរាយការណ៍ជូនមក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងស្ថាប័នគ្រប់គ្រង ដើម្បីជ្រាបជាព័ត៌មានប៉ុណ្ណោះ។

សិទ្ធិដែលត្រូវបានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធ នឹងសម្រេចជូនអ្នកវិនិយោគក្នុងតំបន់ នៅក្នុងវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលនឹងត្រូវចេញជូនអ្នកវិនិយោគក្នុងតំបន់ ស្របតាមច្បាប់ និងអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន៕






