ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា គម្រោងវិនិយោគថ្មីជាច្រើនលើគ្រប់ផ្នែកទាំងអស់ នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ និងដើមឆ្នាំក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងទីផ្សារ និងតម្រូវការនៅក្នុងស្រុក។
លោកស្រី អាន សុធិតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia កាលពីចុងសប្តាហ៍កន្លងមកនេះថា គម្រោងទាំងនោះ មានទាំងអគារជួល អគារពាណិជ្ជកម្ម ខុនដូ សណ្ឋាគារ និងអាផាតមិនជាដើម បាននិងកំពុងត្រៀមបើកដំណើរ ដាក់ចូលទៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា នៅក្នុងចុងឆ្នាំនេះ និងដើមឆ្នាំក្រោយនេះ។
-->
យ៉ាងណាក៏ដោយ ខាងក្រុមហ៊ុនរបស់លោកស្រី មិនទាន់បានបូកសរុបរបាយការណ៍ផ្សព្វផ្សាយជាផ្លូវការនៅឡើយទេ ដោយខាងក្រុមហ៊ុនបាននឹងកំពុងធ្វើកិច្ចការនេះ ។ របាយការណ៍នេះនឹងត្រូវប្រកាសផ្សព្វផ្សាយ ជាផ្លូវការនៅដើមខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។
លោកស្រីអាន សុធីតាបានបញ្ជាក់ទៀតថា សម្រាប់ការលក់វិញ មិនមានអ្វីជាបញ្ហាចោទនោះទេ ពោលគឺកំពុងមានដំណើរការដោយរលូន តែអ្វីដែលមានការបារម្ភខ្លាំងនោះគឺនៅពេលសម្ពោធដាក់ឱ្យដំណើរការហើយ មិនមានអ្នករស់នៅតែប៉ុណ្ណោះ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធីបានឱ្យដឹងដែរថា នៅពេលមានគម្រោងជាច្រើន សម្ពោធដាក់ចូលទៅក្នុងទីផ្សាររបស់កម្ពុជា នាពេលខាងមុខនេះ ជាការបង្ហាញពីភាពជឿងជាក់ពីក្រុមអ្នកវិនិយោគិនជាតិ និងអន្តរជាតិមកលើគោលយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងស្តែងចេញពីប្រទេសកម្ពុជា បាននិងកំពុងមានសុខសន្តិភាព និងសុវត្ថិភាពព្រមទាំងផ្តល់ឪកាសជូនដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិ។
លោកបន្តថា ម្យ៉ាងទៀតនៅពេលមានគម្រោងច្រើនបែបនេះ គឺជាចំណុចល្អក្នុងការបង្កើនការងារ សម្រាប់អ្នករកស៊ីផ្នែកវិស័យអចលនទ្រព្យ ជាពិសេសភ្នាក់ងារអចលនទ្រព្យកាន់តែមានភាពមមាញឹក ព្រមទាំងបានបង្កើតការងារច្រើន ដូចជា សំណង់ ការងារគូរប្លង់ ដឹកជញ្ជូនជាដើមដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកឃាង ពុទ្ឋីបានបន្ថែមថា គម្រោងទាំងនេះបង្ហាញកាន់តែល្អ និងមានការប្រកួតប្រជែងកាន់តែខ្ពស់ ហើយម្យ៉ាងទៀតក៏កុំមានទុទិដ្ឋិនិយម ចំពោះគម្រោងទាំងនេះ ពោលនៅពេលដែលគម្រោងមានគុណភាព មានសម្ភារៈទំនើប និងមានទីតាំងល្អហើយនោះ អ្វីៗនឹងដំណើរដោយរលូន៕