ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ការសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវ នៅក្នុងខេត្តព្រះសីហនុនៅថ្ងៃសៅរិ៍នេះ គ្រោងចំណាយដើមទុនប្រមាណ៣០០លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជានៅខេត្តកំពត តម្លៃប្រមាណ១១០លានដុល្លារនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលនឹងចាប់ផ្តើមបើកការដ្ឋាន នៅថ្ងៃសៅរ៍សប្តាហ៍នេះ នឹងចាក់បេតុង២តឹកកន្លះ និងចាក់កៅស៊ូ៨ផឹង នៅពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូន នៅក្នុងខេត្តដែលសំបូរទៅដោយ កុងតឺន័រធំៗ សម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។
-->
សម្តេចបន្តថា “សម្រាប់ចក្ខុវិស័យរបស់យើង ការវិនិយោគសាធារណៈបានដាក់ឆ្លងគណៈរដ្ឋមន្ត្រីកាលពីប៉ុន្មានអាទិត្យមុននេះ ដោយបានដាក់ចូលក្នុងចក្ខុវិស័យស្តីអំពី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព គឺបានសម្រេចធ្វើផ្លូវឱ្យបានរឹងមាំជាងមុន”។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា “ពីមុនថវិកា១០០លានដុល្លារ ធ្វើផ្លូវបាន ២០០គីឡូម៉ែត្រ ប៉ុន្តែតែចក្ខុវិស័យថ្មីនេះ គឺយើងបានដូរទស្សនៈថ្មីគឺថវិកា១០០លានដុល្លារធ្វើផ្លូវត្រឹម១០០គីឡូប៉ុណ្ណោះ ដើម្បីធានានូវគុណភាពផ្លូវ ដែលរដ្ឋាភិបាលបានដាក់ចេញ”។
សម្តេចបន្ថែមទៀតថា ការផ្លាស់ប្តូរចក្ខុវិស័យសម្រាប់ ការសាងសង់ផ្លូវថ្នល់នេះ ដើម្បីឱ្យសមស្របនឹងស្ថានភាព នៃការដឹកជញ្ជូន និងការរីកចម្រើននៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដើម្បីធ្វើយ៉ាងណាធានានូវគុណភាព និងជាពិសេសតម្រូវឱ្យសមស្រប តាមស្តង់ដារដែលបណ្តាប្រទេសនានា ដែលបានផលិតរថយន្តប្រើប្រាស់នោះទេ ដូច្នេះ ការដាក់ចេញនូវទស្សនវិស័យសាងសង់ផ្លូវ ដើម្បីធ្វើយ៉ាងអាចទ្រាំទ្រទម្ងន់របស់រថយន្ត ដែលបានផលិតនៅក្នុងប្រទេសដទៃផងដែរ។
សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធបើកគម្រោងស្ថាននា ផ្លូវចំនួន៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកានៅចុងសប្តាហ៍នេះ ដើម្បីកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តឱ្យល្អប្រសើរ ស័ក្ដិសមទៅនឹងតំបន់ប៉ូលសេដ្ឋកិច្ចពិសេសប្រចាំប្រទេស ជាពិសេសរង់ចាំស្វាគមន៍ការចូលរួមចំណែកលើការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ទំនើប ដែលបានសន្យាដោយនាយករដ្ឋមន្ត្រីចិន កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

គម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នឹងចាប់ផ្តើមមអនុវត្តចាប់ពីថ្ងៃនេះតទៅ ដោយធ្វើទាំងថ្ងៃ ទាំងយប់ និងប្រើរយៈពេល៨ខែ ដោយមានក្រុមហ៊ុនទទួលម៉ៅការចំនួន៧ក្រុមហ៊ុន៕