ដោយ Donald Lee
តូក្យូៈ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ដែលទើបនឹងចេញផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣នៅលើពិភពលោក បានចាប់ផ្តើមដាំក្បាលចុះនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុក បានកើនសរុបតែ០,២ភាគរយ។
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះពី១,៦ ភាគរយពីត្រីមាសមុន ដោយសារតែភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។ សេដ្ឋកិច្ចជប៉ុនពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ និងខ្សែសង្វាក់ផ្គត់ផ្គង់ភ័ស្តុភារសំខាន់ៗនៅជុំវិញពិភពលោក។
លើសពីនេះទៀតសង្គ្រាមពាណិជ្ជកម្ម ជាមួយកូរ៉េខាងត្បូងដែលប្រជាជនកូរ៉េភាគច្រើនធ្វើពហិការមិនធ្វើអាជីវកម្ម និងមិនទទួលសេវាកម្មរបស់ជប៉ុនទាំងអស់។ ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌រវាងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីទាំងពីរនេះ បានឈានដល់កំរិតទាបជាប្រវត្តិសាស្ត្រ។
ប្រជាជនកូរ៉េខាងត្បូងបានធ្វើពហិការមិនទិញ រាល់អ្វីៗទាំងអស់ដែលផលិតនៅក្នុងប្រទេសជប៉ុន (Made in Japan) ចាប់តាំងពីប្រទេសជប៉ុន បានដាក់កម្រិតលើការនាំចេញវត្ថុធាតុដើម ដែលចាំបាច់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម បច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង។
សង្រ្គាមពាណិជ្ជកម្មកូរ៉េខាងត្បូង ជប៉ុនបានចាប់ផ្តើមកាលពីឆ្នាំមុន នៅពេលដែលតុលាការកំពូលកូរ៉េខាងត្បូង បានបញ្ជាឱ្យសាជីវកម្មជប៉ុន បង់ប្រាក់សំណងសម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងពលកម្មទាសករនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលកាន់កាប់របស់ខ្លួនក្នុងចន្លោះឆ្នាំ១៩១០ ដល់ ១៩៤៥ ៕






