ក្រុមហ៊ុន​ចិន​ជាង​ ១០០​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

0

ដោយៈ​រ៉ា​ណេត​

ភ្នំ​ពេញៈ​ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ប្រមាណ​ជាង១០០​ ស្ថិតនៅ​ក្នុង​សម្ព័ន្ធ​ធុរកិច្ច​នៃ​ខេ​ត្ត​ហ្វូ​ជៀន​ ប្រទេស​ចិន​ បាន​មក​សិក្សា​ពី​សក្ដានុពល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ជាពិសេស​វិស័យ​ឧស្សាហកម្ម​ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ជា​ដៃគូ​នៅ​កម្ពុជា​បន្ថែម​ទៀត​។

សម្ព័ន្ធ​ធុរកិច្ច​ខេ​ត្ត​ហ្វូ​ជៀន​ត្រូវ​បាន​ដឹកនាំ​ដោយ​ លោក​ហ៊ូ​ ស៊ីន​វូ​ (Huaxin​ Wu​) ប្រធាន​ក្រុមហ៊ុន​ Eversun​ Holding​ Group​ Co​. Ltd​ និង​ជាស​មា​ជិ​កស​ភា​ប្រជាជន​ខេ​ត្ត​ហ្វូ​ជៀន​ និង​មាន​សហការី​មួយចំនួន​ទៀត​ បាន​ទទួលការ​អនុញ្ញាត​ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូរ​ស័ក្ដិ​ កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទី​ស្ដី​ក្រសួង​ពាណិជ្ជកម្ម​។

លោក​ហ៊ូ​ ស៊ីន​វូ​ បាន​កោតសរសើរ​ពី​ភាព​រីកចម្រើន​ និង​កម្រិត​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ ពិតជា​មាន​ល្បឿន​មួយ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​។ បន្ថែម​ពីនេះ​ លោក​ក៏​មានបំណង​ពិនិត្យ​លើ​សក្ដានុពល​ដើម្បី​ធ្វើការ​វិនិយោគ​ ដោយ​នៅក្នុង​សម្ព័ន្ធ​នេះ​គឺ​មាន​ក្រុមហ៊ុន​ប្រមាណ១០០​ ដែល​មាន​ជំនាញ​និង​បទពិសោធន៍​ចម្រុះ​ រួមមាន​ការផលិត​ឧបករណ៍​អេឡិចត្រូនិក​ កែច្នៃ​ដែកថែប​ សំណង់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ សេវា​ហិរញ្ញវត្ថុ​ ប្រព័ន្ធ​ទឹក​ស្អាត​ និង​ចម្រាញ់​ប្រេងឥន្ធនៈ​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ប៉ាន​ សូរ​ស័ក្ដិ​ បាន​គាំទ្រ​នូវ​គោលបំណង​របស់​សម្ព័ន្ធ​ធុរកិច្ច​របស់​ខេត្ត​ ហ្វូ​ជៀន​ ទាំងស្រុង​ រួម​ជាមួយនឹង​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​សហការ​វិនិយោគ​រួមគ្នា​ដែល​ត្រូវ​ទៅ​នឹង​បទពិសោធន៍​ និង​ជំនាញ​និ​មួយ​ៗរបស់​ក្រុមហ៊ុន​ ជាពិសេស​ការផលិត​ទឹក​ស្អាត​ ជា​ការងារ​មួយ​ដែល​កំពុងតែ​មាន​តម្រូវការ​ខ្ពស់​ នៅ​ខេត្ត​ព្រះសីហនុ​ ហើយ​ក្រៅពី​នេះ​ កម្ពុជា​ក៏​កំពុងតែ​ឈាន​ទៅ​រកការធ្វើ​ឧស្សាហូបនីយកម្ម​ ដូចនេះ​នឹង​មាន​តម្រូវការ​ច្រើន​លើ​ការកែច្នៃ​ដែកថែប​ អេឡិចត្រូនិក​ និង​ថាមពល​ ។ល។

លោក​រដ្ឋមន្ត្រី​ ក៏បាន​លើកទឹកចិត្ត​ឱ្យ​សម្ព័ន្ធ​ធុរកិច្ច​ខេ​ត្ត​ហ្វូ​ជៀន​ ពិនិត្យ​លទ្ធភាព​ចូលរួម​កែច្នៃ​ផលិតផល​កសិកម្ម​ ដូចជា​ ស្វាយ​ ចេក​ មៀន​ ដំឡូងមី​ កៅស៊ូ​ និង​កសិផល​ដទៃទៀត​ដើម្បី​ធ្វើការ​នាំចេញ​ ដោយ​កសិផល​ទាំងនោះ​ ជា​កសិផល​ដែល​មានការ​ផលិត​ច្រើន​នៅ​កម្ពុជា​។ ចំពោះ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​រូបវន្ត​ ក្រុមហ៊ុន​ចិន​អាច​ស្វែងយល់​បន្ថែម​លើ​ការ​វិនិយោគ​ក្រោម​រូបភាព​សម្បទាន​ ឬការ​ចាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ និង​ហិរញ្ញប្បទាន​បន្ថែម​ពី​ក្របខណ្ឌ​ផ្លូវ​មួយ​ ខ្សែក្រវាត់​មួយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here