រដ្ឋមន្ត្រី​បរិស្ថាន​៖ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​អ្នក​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​

0

ដោយ នៅ​ ស៊ី​វុត្ថា​

ខេត្ត​ព្រះ​សី​ហនុៈ​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ លោក​សាយ​ សំ​អាល់​ បាន​លើកឡើង​ថា​ ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយជា​អ្នក​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដ៏​សំខាន់​ព្រោះ​ការ​អភិវឌ្ឍ​ន៍​ថ្មី​ៗ បាន​និង​កំពុង​ចាប់ផ្តើម​យ៉ាងសកម្ម​ សម្រាប់​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ ឈាន​ទៅ​ដឹកនាំ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​។

លោក​សាយ​ សំ​អាល់​ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ឱ្យ​ដឹង​ថា​ ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ​ និង​មាន​កំណើន​សេដ្ឋកិច្ច​ជាប្រចាំ​ ហើយ​ប្រជាពលរដ្ឋ​ បាន​ប្រែក្លាយ​ជីវភាព​ពី​ការរស់នៅ​តាម​ជនបទ​ មក​ធ្វើការ​ជា​បុគ្គលិក​ កម្មករ​ និយោជក​ ហើយ​បាន​និង​កំពុង​អភិវឌ្ឍន៍​ជីវភាព​បន្ថែម​ទៀត​ ទៅជា​អ្នកធ្វើការ​ងារ​ និង​គ្រប់គ្រង​វិស័យ​សេវាកម្ម​ យ៉ាង​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​“កម្ពុជា​បាន​កំណត់​ទស្សនវិស័យ​យ៉ាង​ច្បាស់លាស់​ ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​ចំណូល​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៥០​”។

លោក​សាយ​ សំ​អាល់​បានឱ្យ​ដឹង​បន្ត​ថា​ នៅក្នុង​ផែនការ​យុទ្ធ​សាស្រ្ត​ ខេត្ត​ព្រះសីហនុ​កំពុង​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន​ ផ្លូវថ្នល់​ ដែល​ក្នុង​នោះ​គម្រោង​ស្ថាបនា​ផ្លូវ៣៤ខ្សែ​ចំណាយ​ទឹកប្រាក់​ប្រមាណ៣០០លាន​ដុល្លារ​ និង​សម្ពោធ​បើក​ការដ្ឋាន​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ស្អែកនេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ រាជរដ្ឋាភិបាល​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​ រមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើស​កល​លោក​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ជា​ច្រកចេញ​ចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ​ មជ្ឈមណ្ឌល​ភស្តុភារ​ធម្មជាតិ​ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សកលលោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សុខដុម​នី​យក​ម្ម​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពី​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​ទី១​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​អភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​សំ​ខាន់​ៗដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​។

ខេត្ត​ព្រះសីហនុ​ ក្នុងរយៈ​ពេល​ប៉ុន្មា​ឆ្នាំ​កន្លងមក​នេះ​ ក្រៅពី​ការ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​ ខុន​ដូ​ និង​អចលនទ្រព្យ​ផ្សេងទៀត​ បាន​និង​កំពុង​ទាក់ទាញ​លើ​ការ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​យ៉ាងច្រើន​គម្រោង​ និង​បាន​ដាក់​ឱ្យ​ដំណើរ​នូវ​គម្រោង​ជាច្រើន​ផង​ដែរ​ ដើម្បី​ឆ្លើ​តប​ទៅ​នឹង​កំណើន​ការ​វិនិយោគ​ និង​ទេសចរណ៍​ចូល​ទៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here