
ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញមហិច្ឆតា ប្រែក្លាយក្រុងព្រះសីហនុ ឱ្យជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសម្រាប់តំបន់ និងពិភពលោក ដែលគួរឱ្យទុកចិត្តដូចទៅនឹងទីក្រុងហុងកុង សឹង្ហបុរី និងទីក្រុងសៀងហៃជាដើម នាពេលខាងមុខនេះ។

សម្តេចតេជោហ៊ុន សែន នៅក្នុងបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវប្រណីតបំផុតនៅកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានឱ្យដឹងថា ទីក្រុងព្រះសីហនុជាទីក្រុងពហុបំណងមានស្ទើតែគ្រប់វិស័យ រួមមានការដឹកជញ្ជូន សេវាកម្ម ពាណិជ្ជកម្ម កំពុងផែទឹកជ្រៅ ; និងឧស្សាហកម្ម ហើយទៅខាងមុខទៀត នឹងក្លាយទៅជាតំបន់មូលដ្ឋានហិរញ្ញវត្ថុ ឬមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅក្នុងតំបន់ បើសិនអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ។
សម្តេចតេជោបន្តថា “ពីដើមមានតំបន់ហុងកុង សឹង្ហបុរី សៀងហៃ និងនៅកន្លែងផ្សេងទៀតបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ យើងក៏មានមហិច្ឆតាទៅដល់ទីនោះដែរ ដែលទៅជាមជ្ឈមណ្ឌលទៅជាហិរញ្ញវត្ថុ ដែលអាចជឿទុកចិត្ត មិនមែនតែនៅក្នុងប្រទេសកម្ពុជានោះទេ តែឈានទៅដល់កំរិតនៃស្ថានភាពហិរញ្ញវត្ថុនៅក្នុងតំបន់ និងអន្តរជាតិផងដែរ”។
ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងការរុញកំណើនសេដ្ឋកិច្ចជាតិ ស្របពេលដែលខេត្តជាប់មាត់សមុទ្រមួយនេះ មានតំបន់សេដ្ឋកិច្ចចំនួន៩ទីតាំង។
អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក ហុង វណ្ណៈក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា សម្រាប់តំបន់ប៉ូលសេដ្ឋកិច្ចទី២ខេត្តព្រះសីហនុ មានសក្ដានុពលយ៉ាងពិសេសទៅលើតំបន់ឆ្នេរ និងសមុទ្រ ដែលអនុគ្រោះដល់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ តភ្ជាប់រវាងប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងតំបន់អាស៊ាន ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៅកាន់សាកលលោកផងដែរ។
លោកបន្តថា ក្រៅពីនេះព្រះសីហនុ ក៏មានភាពទាក់ទាញលើផ្នែកទេសចរណ៍ ដ៏សំខាន់មួយផងដែរ ខណៈដែលបណ្តាប្រទេសមួយចំនួន ដែលស្ថិតនៅក្នុងតំបន់រួមមិនមានតំបន់អំណោយផលពិសេសដូចនេះនោះឡើយ។
លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ធ្លាប់បានឱ្យដឹងកន្លងមកនេះថា រាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារធម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្ម។
លោកអភិបាលខេត្តរូបនេះបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបាននូវការចាប់អារម្មណ៍ បណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់ទី១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។
ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មាឆ្នាំកន្លងមកនេះ ក្រៅពីការវិនិយោគលើវិស័យសណ្ឋាគារ ខុនដូ និងអចលនទ្រព្យផ្សេងទៀត បាននិងកំពុងទាក់ទាញលើការវិនិយោគលើវិស័យកាស៊ីណូយ៉ាងច្រើនគម្រោង និងបានដាក់ឱ្យដំណើរនូវគម្រោងជាច្រើនផងដែរ ដើម្បីឆ្លើតបទៅនឹងកំណើនការវិនិយោគ និងទេសចរណ៍ចូលទៅក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ៕





