ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នឹង​ច្របាច់​បញ្ចូល​គ្នា​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​មួយ​នៅ​អាស៊ី

0

​ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នឹង​សហការ​បង្កើត​ក្រុមហ៊ុន​ Internet​ ធំជាង​គេ​មួយ​នៅ​អាស៊ី​នៅ​ខែ​ តុលា​ ឆ្នាំក្រោយ​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នៅតែ​បន្ត​កើនឡើង​ ហើយ​ប្រជាជន​កូរ៉េ​នៅតែ​បន្ត​ធ្វើ​ពហិការ​ទំនិញ​របស់​ជប៉ុន​ដោយ​គ្មាន​កំណត់​។

ក្រុមហ៊ុន​ Naver​ Corp​ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជា​ម្ចាស់​នៃ​កម្មវិធី​ផ្ញើ​សារ​ដ៏​ធំ​ Line​ នឹង​រួមបញ្ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន​ Yahoo​ Japan​ និង​បង្កើត​ប្រាក់ចំណេញ​ជាង​ ៣០​ ពាន់​លាន​ដុល្លារ​នៅក្នុង​បច្ចេកវិទ្យា​អាស៊ី​បូព៌ា​ និង​អាស៊ី​អាគ្នេយ៍​។ ក្រុមហ៊ុន​ Yahoo​ ជប៉ុន​កាន់កាប់​ដោយក្រុម​ហ៊ុន​ទូរគមនាគមន៍​ Softbank​ Corp​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​។

ការ​រួមបញ្ចូល​គ្នា​នេះ​អាច​តំណាង​ឱ្យ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​រវាង​ប្រទេស​គូប្រជែង​ទាំងពីរ​នេះ​ក្នុងរយៈពេល​ ១០​ ឆ្នាំ​ និង​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ដែល​មាន​ភាព​យ៉ាប់យ៉ឺន​យ៉ាង​ខ្លាំង​ ដោយ​ភាគី​ទាំងពីរ​បាន​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​គ្នា​ទៅវិញទៅមក​នៅ​ឆ្នាំនេះ​ និង​ដកចេញ​បញ្ជី​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​។ ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ភាពជា​ដៃគូ​សាជីវកម្ម​រវាង​ប្រទេស​ទាំងពីរ​អាច​ចាប់ផ្តើម​បន្ធូរបន្ថយ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដែល​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​កន្លងទៅ​។

លោក​ Jaewoong​ Lee​ ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាងត្បូង​ Daum​ បាន​និយាយ​ថា​ “នេះ​ប្រហែលជា​ករណី​សំខាន់​បំផុត​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​កូរ៉េ​ និង​ជប៉ុន​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ​”។

លោក​បាន​បន្ថែម​ថា​ “ពួកគេ​នឹង​ក្លាយជា​ក្រុមហ៊ុន​ Internet​ លេខ​ ១ នៅ​ជប៉ុន​ ក៏ដូចជា​អាស៊ី​អាគ្នេយ៍​។ វា​មានរឿង​ជាច្រើន​ដែល​ក្រុមហ៊ុន​ទាំងពីរ​អាច​ធ្វើជា​មួយ​គ្នា​ដូចជា​ការ​ផ្ញើ​សារ​ ពាណិជ្ជកម្ម​ និង​ការ​បង់ប្រាក់​សាមញ្ញ​។ វា​មិនដែល​មាន​ទំនាក់ទំនង​ល្អ​រវាង​កូរ៉េ​ និង​ជប៉ុន​ទេ​នា​ពេល​កន្លងមក​”។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​បង់ប្រាក់​សំណង​សម្រាប់​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុងអំឡុង​ពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ១៩១០​ ដល់​ ១៩៤៥​ ។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​គឺ​ផ្ទុយពី​សន្ធិសញ្ញា​ឆ្នាំ​ ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here