ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលសម្រាប់ថវិការជាតិចំនួនប្រមាណជាង២៤០០លានដុល្លារ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅមានការកើនឡើងរហូតដល់ប្រមាណ២៨,៣១ភាគរយ ដែលចំនួននេះលើសពីផែនការប្រចាំឆ្នាំ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា នៅត្រឹមយៈពេល ១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៩ ៦១៦.៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២៤០៤.២១ លានដុល្លារអាមេរិក កើនឡើង២៨.៣១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។
មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាកំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund) ដែលបច្ចុប្បន្នអ្នកជាប់ពន្ធ និងសហគ្រាស មានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធរបស់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់។
លោកបានបង្ហាញបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៨៧,៦៤ប៊ីលានរៀល (ប្រមាណ២២១,៩១លានដុល្លារ) ស្មើនឹងប្រមាណ ៩,៧០ភាគរយនៃផែនការប្រចាំឆ្នាំ កើនឡើងប្រមាណ ២១,៨៥ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ២០១៨ ដែលចំណូលពន្ធ-អាករក្នុងខែតុលា ប្រមូលបានត្រឹម១៥៦,១៩ប៊ីលាន ស្មើនឹងប្រមាណ៣៩,៧៩លានដុល្លារតែប៉ុណ្ណោះ។
ដោយឡែកសម្រាប់រយៈពេល១០ខែក្នុងឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានប្រមូលបាន(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអន ឡាញ) មានចំនួន៩៦១៦,៨៣ប៊ីលានរៀល (២៤០៤,២១លានដុល្លារ) ស្មើនឹង១០៥,០៦ភាគរយនៃផែនការប្រចាំឆ្នាំ។ បើប្រៀបធៀបទៅនឹងឆ្នាំរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានការកើនឡើង២១២១,៩៩ប៊ីលានរៀល (ប្រមាណ៥៣០,៥០លានដុល្លារ) ស្មើនឹងប្រមាណ២៨,៣១ភាគរយ ។

លោកបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដោយប្រកាន់នូវ «ទម្លាប់ហ្មត់ចត់ លើកិច្ចការតូចតាច ទើបអាចមានឱកាសទទួលកិច្ចការធំបាន» ដែលនេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕






