
ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយក្រុមហ៊ុន Dynamic Technologies និងក្រុមហ៊ុន Urbanetic រៀបចំសិក្ខាស្តីពី ការកសាងមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ទីក្រុង ប្រកបដោយនិរន្តរភាពវៃឆ្លាត និងគួរឱ្យចង់រស់នៅសម្រាប់ថ្ងៃអនាគត។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក សូ ខនឬទ្ធីគុណបានមានប្រសាសន៍ក្នុងសិក្ខាសាលាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកថា ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការរៀបចំ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍន៍បៃតង ព្រមទាំងវិធីសាស្រ្តរៀបចំផែនការយុទ្ធសាស្រ្តទីក្រុងបៃតង និងផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញឆ្នាំ២០១៨-២០៣០ ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា ជាពិសេសដើម្បីលើកកម្ពស់ការអភិវឌ្ឍទីក្រុង ទីប្រជុំជនប្រកបដោយនិរន្តរភាព។
លោកបន្តថា “ទីក្រុងជាកម្លាំងម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ពីព្រោះថាទីក្រុងជាមជ្ឈមណ្ឌលនៃការប្រើប្រាស់ធនធានដ៏ច្រើន ក្នុងនោះរួមមានធនធានថាមពល ទឹក និងធនធានធម្មជាតិផ្សេងៗទៀត ត្រូវបានប្រើប្រាស់ច្រើនក្នុងវិស័យឧស្សាហកម្ម និងសម្រាប់ការរស់នៅក្នុងទីក្រុង”។
រដ្ឋលេខាធិការរូបនេះបញ្ជាក់ថា សិក្ខាសាលានេះ សង្កត់ធ្ងន់ទៅលើចំនុចសំខាន់ៗ ចំនួន៣ដូចជា ទី១ ការធ្វើអោយប្រសើរឡើងនូវផែនការទីក្រុង និងការអនុវត្តឧបករណ៍វិទ្យាសាស្រ្តសម្រាប់ការអភិវឌ្ឍដោយចិរភាព និងបរិស្ថានសំណង់បៃតង ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ទីក្រុងទីប្រជុំជន ក្របខណ្ឌច្បាប់ និងបទបញ្ញត្តិសមស្រប ការធ្វើផែនការទីក្រុងដែលមានហេដ្ឋារចនាស្រាប់សម្ព័ន្ធ និងការពង្រឹងសមត្ថភាពបច្ចេកទេស។
ទី២ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្រុង ប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការជាមូលដ្ឋានរបស់ទីក្រុង និងលើកកម្ពស់សុខមាលភាព ការប្រគួតប្រជែង ផែនការវិនិយោគតាមវិស័យ និងការរៀបចំផែនការមេទីក្រុងប្រកបដោយបរិយាប័ន្ន។
ទី៣ ធានាឱ្យបាននូវនគនរូបនីយកម្ម ប្រកបដោយបរិយាប័ន្ន ទីប្រជុំជនវិសមភាពគំរាមគំហែងដល់និរន្តភាពនៃការអភិវឌ្ឍ និងសង្គម។ ចក្ចុវិស័យនៃការបរិយាប័ន្នដោយមានរាប់បញ្ជូលនូវសេដ្ឋកិច្ច ការពង្រីកទីក្រុង និងបរិយាប័ន្នសង្គមនឹងរួមចំណែកការពារហានិភ័យផ្សេងៗ នៃការរៀបចំ និងការអភិវឌ្ឍទីក្រុងទីប្រជុំជន។

សិក្ខាសាលាស្ដីពី “ការកសាងមូលដ្ឋានគ្រឹះ សម្រាប់អភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព វៃឆ្លាត និងគួរឱ្យចង់រស់នៅសម្រាប់ថ្ងៃអនាគត” គឺជាសក្ខីភាពបញ្ជាក់នូវស្មារតីឯកភាពគ្នាលើភាពចាំបាច់ ក្នុងការបន្តការធ្វើទំនើបកម្មស្ថាប័ន និងការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិបន្ថែមទៀត ពិសេសគឺការកសាងសមត្ថភាពមន្ត្រីរាជការ៕





