សម្តេច​តេជោ​ជំរុញ​ឱ្យ​ប៉ាគីស្ថាន​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​

0

ដោយ​ វុត្ថា

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ជំរុញ​ឱ្យ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​ បង្កើន​ និង​ពង្រឹង​កិ​ច្ច​សប្រ​តិប​ត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​អោយ​កាន់តែ​ធំ​ទូលាយ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Qasim​ Khan​ Suri​ អនុប្រធាន​សភាជាតិ​នៃ​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​នា​ថ្ងៃទី​ ២០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ កម្ពុជា​និង​ប៉ាគីស្ថាន​ មាន​ទំនាក់ទំនង​នឹងគ្នា​ជាយូរមកហើយ​ ពិសេស​ប៉ាគីស្ថាន​បាន​ទទួលស្គាល់​ឯករាជ្យ​កម្ពុជា​តាំងពី​ឆ្នាំ១៩៥២​ ពោល​គឺ​មុន​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ទៅទៀត​។

សម្តេច​តេជោ​ ចង់​ឲ្យ​ភាគី​ទាំងពីរ​ស្វែងរក​មធ្យោបាយ​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ពិសេស​គឺ​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​វិស័យ​សេដ្ឋកិច្ច​ វិនិយោគ​ជាដើម​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​ ដូច្នេះ​សម្តេច​តេជោ​ ចង់​ភាគី​ទាំងពីរ​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​អោយ​មានការ​កើនឡើង​ថែមទៀត​។

លោក​ Qasim​ Khan​ Suri​ អនុប្រធាន​ប៉ាគីស្ថាន​ បានឱ្យ​ដឹង​ដែរ​ថា​ ប្រទេស​ទាំងពីរ​ គឺ​មាន​កិច្ច​សហប្រតិបត្តិ​ការ​យូរលង់​មក​ហើយ​ ដែល​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ឲ្យបាន​ខ្លាំងក្លា​បន្ថែម​ទៀត​។ ក្រៅពី​នេះ​ក៏​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ក្របខណ្ឌ​តំបន់​ ពិសេស​ក្នុង​ក្របខណ្ឌ​អាស៊ាន​។

លោក​ក៏បាន​កោតសរសើរ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​ការ​រីក​ចំរើន​ដ៏​ធំធេង​នៅ​កម្ពុជា​ ជាមួយ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​។ ហើយ​អ្វី​ដែល​ លោក​ ចង់បាន​គឺ​បង្កើន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ពីគ្នា​ទៅវិញទៅមក​ នៅក្នុង​ក្របខណ្ឌ​សភា​ និង​សភា​ និង​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ទៅវិញទៅមក​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here