ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ចលនានៃការទិញលក់ដីនៅតាមបណ្តាជាយក្រុងនៃរាជធានីភ្នំពេញ នៅតែបន្តសកម្មភាពរស់រវើក ដោយសារតម្រូវការនៅតែបន្តកើនឡើងជាប្រចាំ។
លោកស្រីតាំង ហ៊ួរ នាយិការក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia ឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ថា សកម្មភាពនៃការទិញលក់ដីធ្លី នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមជាក្រុងនៅតែមានស្ថានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន ពុំមានជាបញ្ហាចោទនោះទេ។
-->
លោកស្រីបន្តថា “យើងឃើញសកម្មភាពនៃការទិញលក់ដី នៅតែមានសកម្មល្អប្រសើរ ហើយរហូតមដល់ជិតដាច់ឆ្នាំនេះ មានតំបន់ខ្លះទៀតគឺមានសកម្មភាពល្អជាងពេលកន្លងទៅទៀត ជាពិសេសនៅតំបន់ផ្លូវកប់ស្រូវ ផ្លូវជាតិលេខ ៦ A ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ១ និងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម”។
លោកស្រីបន្ថែមទៀតថា ក្នុងចំណោមតំបន់ទាំងនេះ តំបន់ផ្លូវ៦០ម៉ែត្រហាក់មានសកម្មភាពរស់រវើកខ្លាំងជាង ដោយសារតែតំបន់នេះ មានគម្រោងធំៗជាច្រើន កំពុងរីកដុះដាល់នៅតំបន់នេះ ជាពិសេសមានគម្រោងផ្សារទំនើបAEON Mall៣ ដោយពេលខ្លះ អ្នកវិយោគស្វែងរកទិញនៅតំបន់នេះមិនបាន ព្រោះវាមានតម្លៃខ្ពស់។
លោកស្រីបន្តថា “ដីនៅតំបន់ផ្លូវ៦០ម៉ែត្រ មានតម្លៃជាង២០០០ ដុល្លារក្នុងម៉ែត្រការ៉េទៅតាមប្រភេទដីតូច ឬធំ”។
លោក ហ៊ឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal បានឱ្យដឹងដែរថា រហូតមកដល់ពេលនេះ តម្រូវការទាំងលំនៅឋាន និងដីធ្លីនៅតាមជាក្រុងនៃរាជធានីភ្នំពេញមានសកម្មភាពធម្មតា ពោលពុំមានអ្វីប្រែប្រួលនោះទេ ជាពិសេសចលនានៃការលក់ដីឡូតិ៍។
លោកបន្តថា ការលក់ដីឡូតិ៍ជំរុញឱ្យមានការអភិវឌ្ឍន៍ខ្លាំង នៅតាមបណ្តាជាយក្រុងភ្នំពេញស្ទើតែគ្រប់ផ្នែកទាំងអស់។ បន្ថែមពីនេះ ក៏មានគម្រោងផ្ទះល្វែង និងបុរីបុកខ្លាំងផងដែរ ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៤ និងតំបន់ខណ្ឌដង្កោរជាដើម។

ចំណែក លោកម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co, Ltdបានឱ្យដឹងដែរថា សកម្មភាពនៃការទិញលក់ដីធ្លីនៅតាមបណ្តាជាយក្រុងមិនមានអ្វីថមថយនោះទេ ពោលគឺសកម្មភាពនេះ នៅតែមានសកម្មភាពធម្មតា។ អ្នកទិញក៏មិនមានសកម្មភាពផ្អាក់ការទិញដែរ ហើយនេះ ក៏ជាឪកាសល្អសម្រាប់ពួកគេផងដែរ។
លោកបន្តថា “ដោយសារម្ចាស់ដីមួយចំនួនបាន និងកំពុងព្រួយបារម្ភខ្លាចលក់ដីរបស់ខ្លួនមិនចេញនោះ បានជំរុញឱ្យមានការលក់នៅក្នុងតំលៃថោក ដូច្នេះចរន្តនៃការទិញលក់នៅមានសកម្មភាពច្រើន ឬច្រើនជាងធម្មតា តែបើគិតជាភាគរយវិញ គឺមិនច្រើននោះទេ”។

លោកបញ្ជាក់ទៀតថា សកម្មភាពនៃការទិញលក់ដី ដែលពុះកញ្ជ្រោលខ្លាំងជាងគេនៃជាយក្រុងភ្នំពេញ គឺស្ថិតនៅបណ្តោផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងជាពិសេសនៅតំបន់ផ្លូវ៦០ម៉ែត្រ ព្រោះតម្លៃដីធ្លីនៅតំបន់នេះមានតម្លៃធូរថ្លៃច្រើន៕