កម្ពុជា​-ចិន​ ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រួមគ្នា​ឱ្យ​បាន​ ១០ពាន់​លាន​ដុល្លារ​ នៅ​ត្រឹម​ឆ្នាំ២០៣០​ ខាងមុខនេះ

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ រដ្ឋាភិបាល​កម្ពុជា​-ចិន​ បាន​ធ្វើ​កា​រប្តេ​ជ្ញារ​រួមគ្នា​ក្នុង​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​ ការ​វិនិយោគ​ រួមគ្នា​ ដើម្បី​ឈាន​ទៅ​រក​ការសម្រេច​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​បាន​ ១០ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ២០៣០ខាងមុខនេះ​ ។

បច្ចុប្បន្ន​នេះ​ កម្ពុជា​បាន​ក្លាយទៅជា​គោលដៅ​វិនិយោគ​យ៉ាង​សំខាន់​សម្រាប់​វិនិយោគិន​មក​ពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ ជាពិសេស​ប្រទេស​ចិន​ដែល​កំពុងតែ​ឈរ​នៅ​លេខរៀង​លំដាប់​កំពូល​ ដែល​អាច​ជួយ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​យ៉ាង​ល្អ​ប្រសើរ​។

កម្ពុជា​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ទំនាក់ទំនង​ល្អ​ និង​ជា​ប្រពៃណី​រវាង​កម្ពុជា​-ចិន​ និង​ការអនុវត្ត​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ផ្លាស់ប្ដូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រោម​កិច្ច​គាំទ្រ​ពីសំណាក់​ប្រទេស​ជា​មិត្ត​ នៃ​រដ្ឋាភិបាល​ចិន​ កម្ពុជា​បាន​រក្សា​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ខ្លួន​យ៉ាង​រឹងមាំ​ក្នុងរង្វង់​ ៧ភាគរយ​ជាប្រចាំ​ តាមរយៈ​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ វិនិយោគ​ និង​ទេសចរណ៍​ ហើយ​ទំហំ​ពាណិជ្ជកម្ម​នេះ​គ្រោង​នឹង​កើន​ដល់​ ១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៣​ ខាងមុខ​”។

នេះ​ជា​ការ​លើកឡើង​របស់​លោក​ទេសចរ​ដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ស៊ុន​ ចាន់​ថុល​ នៅក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ ក្រុមហ៊ុន​ចិន​ មក​ពី​ខេត្ត​ហ៊ូ​ណាន​ ដឹកនាំ​ដោយ​ឯកឧត្ដម​ Du​ Jianhao​ លេខាធិការ​នៃ​គណៈកម្មាធិការ​បក្ស​កុំ​ម្មុយ​នី​សចិន​ ខេត្ត​ហ៊ូ​ណាន​ ក្នុង​ព្រឹត្តិ​ការណ៍​ជំរុញ​ការ​វិនិយោគ​ និង​ពិព័រណ៍​សម្ភារ​ផ្គត់ផ្គង់​ និង​ផលិតផល​ឧស្សាហកម្ម​ប្រទេស​ចិន​របស់​ខេត្ត​ហ៊ូ​ណាន​ ដែល​រៀបចំឡើង​ដោយ​ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ហ៊ូ​ណាន​ ប្រទេស​ចិន​ និង​រដ្ឋបាល​ក្រុង​ឆាង​សា​ កាលពី​ដើម​សប្ដា៍​កន្លងទៅ​នេះ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​-២០២៥​ ត្រូវការ​ទុន​វិនិយោគ​ជាច្រើន​សម្រាប់​អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​រួម​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​ ដែល​ត្រូវការ​ជាចាំបាច់​នូវ​ការចូលរួម​ពី​វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ដើម្បី​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗ រួមមាន​៖ វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល​ វិស័យ​ឧស្សាហកម្ម​កែច្នៃ​ វិស័យ​ផលិតកម្ម​កសិកម្ម​ ឬកសិ​-ឧស្សាហកម្ម​ វិស័យ​ផលិតកម្ម​ និង​ការកែច្នៃ​ម្ហូបអាហារ​ វិស័យ​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ចិន​ទាំងអស់​ ជាពិសេស​ អ្នក​វិនិយោគ​មក​ពី​ខេត្ត​ហ៊ូ​ណាន​ឱ្យ​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​វិនិយោគ​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា​ ជាពិសេស​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ ដែល​មាន​គម្រោង​ជាច្រើន​ដូចជា​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​កំពង់ផែ​ ផ្លូវ​តាម​តំបន់​ព្រំដែន​ គម្រោង​សាងសង់​ផ្លូវដែក​ថ្មី​ ភ្នំពេញ​-បាវិត​ ភ្នំពេញ​-សៀមរាប​ និង​សិរីសោភ័ណ​-សៀមរាប​ គម្រោង​តភ្ជាប់​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញថ្មី​ គម្រោង​សាងសង់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​(MRT​) ក្នុង​រាជធានី​ភ្នំពេញ​ គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ ឃ្លាំង​ ចំណត​កុងតឺន័រ​ និង​ផែស្ងួត​ គម្រោង​សាងសង់​កំពង់ផែ​ទឹកសាប​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ និង​ទន្លេសាប​ គម្រោង​សាងសង់​ប្រព័ន្ធ​ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ នៅ​ខេត្ត​ក្រុង​ធំៗ​ និង​ខេត្ត​ជាប់​សមុទ្រ​ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here