ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក មូន ចែអ៊ីន ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
មុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំនាប្រទេសកូរ៉េខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយលោកប្រធានាធិបតី មូន ចែអ៊ីន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ រួមទាំងប្រធានបទនានាពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់ និងបារម្ភ។
ក្រៅពីនេះថ្នាក់ដឹកនាំប្រទេសទាំង២ ក៏នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េផងដែរ។
ដោយឡែកនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញឡើងថ្លែងសន្ទរកថាចំនួន ២ដង ដោយផ្តោតសំខាន់ទៅលើកិច្ចទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េរយៈពេល៣០ឆ្នាំ និងទិសដៅអនាគតក្នុងកិច្ចខិតខំដើម្បីសម្រេចឱ្យបាននូវសមាហរណកម្មតំបន់ និងការអភិវឌ្ឍប្រកបដោយចិរភាពនៅក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ រួមជាមួយនឹងកិច្ចការសំខាន់ៗមួយចំនួនទៀត។
សម្រាប់ខ្លឹមសារលម្អិតសូមបន្តអាននៅក្នុងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលដូចខាងក្រោមនេះ ៖








