ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ព្រមទាំងអង្គការអន្តរជាតិខាងការងារ (ILO) បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា រយៈពេល ៣ឆ្នាំទៀត ដើម្បីបន្តប្រតិបត្តិការគម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការធានានូវសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់បងប្អូនកម្មករនិយោជិត និងផ្អែកលើភាពជោគជ័យនៃការអនុវត្តគម្រោងនេះ ។
លោករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២២ នេះ គឺធ្វើឡើងដើម្បីឆ្លើយតបផងដែរទៅនឹងផែនការសហប្រតិបត្តិការ និងសមាហរណកម្មរបស់គម្រោងរោងចក្រកាន់តែប្រសើរ ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លុះបញ្ចំាងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មលើកកម្ពស់ “លក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា”។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងដែរថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរិ៍តឈ្មោះរបស់កម្ពុជាទៅជាប្រទេសដែលឈានមុខគេក្នុងគោលនយោបាយពាណិជ្ជាកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកទៅធ្វើបទពិសោធន៍សម្រាប់អនុវត្ត និងរៀនសូត្រតាម។
លោកបន្តថា ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផល សម្លៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឲ្យដឹង ថា សមាគមរោងចក្រកាត់ដេរ នឹងបន្តធ្វើការជាមួយររោងចក្រកាន់តែប្រសើរនៅកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាការផលិត សុវត្ថិភាពការងារ និងការងារប្រកបដោយចីរភាព សម្រាប់ជាកម្លាំងពលកម្មរបស់កម្ពុជា។
លោក Grame Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានកត់សម្គាល់ថា ដោយធ្វើការជាមួយរាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរ យើងនឹងរួមគ្នាលើកកម្ពស់ការងារសមរម្យ សម្រាប់កម្មកររាប់រយរាប់ពាន់នាក់ ជាពិសេសស្ត្រី ហើយក៏ជួយកម្មករនិយោជិត ក្នុងការអភិវឌ្ឍជំនាញថ្មីៗ អាជីវកម្ម ដើម្បីទទួលប្រាក់ចំណេញកាន់តែច្រើនជាងមុន និងក្រុមគ្រួសារពួកគេ ឲ្យចាកផុតពីភាពក្រីក្រ។

លោកបន្តថា នេះជាអនុស្សរណៈលើកទី៦ហើយ រវាងភាគីទាំបីខាងលើនេះ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តន៍នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត។
ការលពីអនុស្សរណៈនៃការយោគយល់គ្នា លើកទី១ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ដើម្បីបន្តអនុវត្តគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលមានឈ្មោះថា “ការធានាថាលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅកម្ពុជា សមស្របតាមបទដ្ឋានការងារស្នូលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្របតាមច្បាប់ស្តីពីការងារកម្ពុជា”សម្រាប់រយៈពេល ២ឆ្នាំ ហើយគម្រោងនេះ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” រហូតមកដល់បច្ចុប្បន្ន។

អនុស្សរណ:យោគយល់គ្នានេះ នឹងឆ្លុះបញ្ចាំងពីភាពជាដៃគូរវាង រាជរដ្ឋាភិបាលនៃក្រកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិការងារសម្រាប់រយៈពេល៣ឆ្នាំខាងមុខទៀត គិតចាប់ពីខែ មករា ឆ្នាំ២០២០ ដល់ខែធ្នូ ២០២២ ដែលក្នុងកំឡុងនេះ ដៃគូរបានប្តេជ្ញាចិត្តដើម្បីកែលម្អលក្ខខណ្ឌការងារ នៅក្នុងវិស័យវាយនភ័ណ្ឌ និងកាត់ដេរសម្លៀកបំពាក់ ព្រមទាំងពង្រីកវិសាលភាពនៃការអនុវត្តលើអនុសារណ:យោគយល់គ្នានេះ ដោយដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូបនៅប្រទេសកម្ពុជាផងដែរ៕







