ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមហ៊ុនជំនាញដ៏ធំមួយមកពីខេត្តសានតុងប្រទេស នឹងមកបណ្តាក់ទុនវិនិយោគរោងចក្រតម្លើងរថយន្តនៅកម្ពុជា ដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីបានចុះមកសិក្សា និងស្វែងយល់ពីកាលានុវត្តភាព និងឱកាសវិនិយោគនៅកម្ពុជារួមគ្នាជាមួយគណៈប្រតិភូអ្នកវិនិយោគខេត្តសានតុងក្នុងចំណោមក្រុមហ៊ុនទាំង២០។
បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជាតាមរយៈគណៈប្រតិភូខេត្តសានតុង ដែលដឹកនាំដោយលោក វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង និងគណៈប្រតិភូអមដំណើរ ដែលរួមមានទាំងអគ្គនាយកនៃក្រុមហ៊ុនធំៗមកពីខេត្តសានតុងផងដែរនោះ ក្រុមហ៊ុន Fu Lai Chun Group ដែលមានជំនាញក្នុងការតម្លើងរថយន្ត នឹងដាក់ទីតាំងរបស់ខ្លួននៅកម្ពុជា។
ការសម្រេចចិត្តខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅក្នុងកិច្ចសំណេះសំណាលថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ ក្នុងអំឡុងឆ្នាំ១៩៥៦ ហើយក៏មានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ស្របទៅនឹងក្របខណ្ឌតំបន់ ដែលប្រទេសចិន បានដាក់ចេញរួមមាន៖ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ និងផ្លូវមួយ” “មូលនិធិផ្លូវសូត្រ” និង “ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី” ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប “ឈ្នះ-ឈ្នះ” រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ។
លោកបានបន្តទៀតថា “សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។
ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ មាន ចំនួន ៦ ០៤០ លានដុល្លារឤមេរិក កើនឡើងជាង ១៣,៨% បើធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១ ៦៤៤ លានដុល្លារឤមេរិក។
លើសពីនេះ ប្រទេសយើងទាំងពីរ ក៏បានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ៦០០០ លានដុល្លារឤមេរិក នៅឆ្នាំ២០២០”។ ជាមួយគ្នានេះផងដែរ លោករដ្ឋមន្ត្រីក៏បានលើកបង្ហាញពីសក្ដានុពលចម្បងរបស់កម្ពុជាដែលកំពុងមាននាពេលបច្ចុប្បន្ននេះផងដែរ ដែលសង្កត់ធ្ងន់ទៅលើវិស័យកសិកម្មជាពិសេសលើកសិផលដូចជា ស្វាយ ចេក មៀន ដំឡូងមី និងស្រូវ ប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់។
ជាការឆ្លើយតប លោក វ៉ាង ស៊ូជាន បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចលើកនេះ មានក្រុមហ៊ុនធំៗចំនួនពីរបានសម្រេចចិត្តវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុន Guomei Linqor Group ដើម្បីសាងសង់រោងចក្រកែច្នៃកសិកម្មសរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់សំរាមក្នុងការផលិតជីសរីរាង្គ ការវេចខ្ចប់ លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ និងក្រុមហ៊ុន Fu Lai Chun Group ដើម្បីដំឡើងរថយន្ត។
ដោយឡែក ក្រុមហ៊ុន Guomei Linqor Group ក៏មានគម្រោងវិនិយោគលើរោងចក្រកែច្នៃដំឡូងមីជាម្សៅ ក្នុងលទ្ធភាពផលិត ១០០.០០០ តោន នៅខេត្តក្រចេះផងដែរ។

លោក វ៉ាង ស៊ូជាន ក៏បានតាំងចិត្តថា នឹងបន្តជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីខេត្តសានតុង មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត ហើយបានធានាទិញផលិតផលទាំងនោះផងដែរ៕






