ចំនួន​ក្រុមហ៊ុន​ និង​សហគ្រាស​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ កើនឡើង​ដល់​ជាង​ ១៨០០​

0

ដោយ​ ៖ រ៉ា​ណេត

ព្រះសីហនុ​ ៖ ស្រប​ពេល​ដែល​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នោះ​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ កំណើន​នៃ​ក្រុមហ៊ុន​ និង​សហគ្រាស​នៅ​ទូទាំង​ខេត្ត​មានការ​កើនឡើង​យ៉ាង​គំហុក​រហូតដល់​ប្រមាណ​ជាង​ ១៨០០​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​។

ស្រប​ទៅ​នឹង​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ បច្ចុប្បន្ន​នេះ​មាន​បណ្តា​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ ជាច្រើន​ រាប់ទាំង​សហគ្រាស​ផង​ដែរ​ កំពុងតែ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដែល​គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ចំនួន​ក្រុមហ៊ុន​ និង​សហគ្រាស​នានា​បាន​កើនឡើង​រហូតដល់​ប្រមាណ​ជាង​ ១៨០០​ រួច​ទៅ​ហើយដែល​បាន​មក​ចុះបញ្ជី​ស្របច្បាប់​។

ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ លោក​ ព្រហ្ម​ សុខ​ជាវ​ណ្ណ​ដា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ថា​ សក្ដានុពល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ព្រះសីហនុ​គឺ​មាន​ខ្ពស់​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ខេត្ត​ដទៃទៀត​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅពេល​បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​ និង​សហគ្រាស​ជាច្រើន​បាន​បង្កើត​ជាបន្តបន្ទាប់​ ដែល​គិត​ចាប់តាំងពី​ដើមឆ្នាំ២០១៩មក​ គិតជា​មធ្យម​គឺ​មាន​ប្រមាណ​ចាប់ពី១០០​-២០០​ ក្រុមហ៊ុន​ និង​សហគ្រាស​ ត្រូវ​បាន​បង្កើត​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ចំនួន​ទាំងអស់​នេះ​ គឺ​គិតតែ​សម្រាប់​អ្នក​ដែល​មក​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​អនុវត្ត​ទៅតាមច្បាប់​តែប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ និង​សហគ្រាស​មួយចំនួន​ទៀត​ដែល​មិនបាន​មក​ចុះបញ្ជី​ គឺ​មិន​ត្រូវ​បាន​រាប់បញ្ចូល​នោះ​ទេ​”។

លោក​ ព្រហ្ម​ សុខ​ជាវ​ណ្ណ​ដា​ បាន​បន្ត​ទៀត​ថា​ “ជាមួយនឹង​សក្ដានុពល​ខេត្ត​កំពុង​មាន​កំណើន​ខ្ពស់​ ដែល​ជំរុញ​ឱ្យ​កើតមាន​សហគ្រាស​ ក៏ដូចជា​ក្រុមហ៊ុន​បង្កើត​ឡើងជា​បន្តបន្ទាប់​នេះ​ យើង​បាន​អំពាវនាវ​ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​អាជីវកម្ម​ ចូលរួម​គោរព​ និង​អនុវត្ត​ច្បាប់​ទាំងអស់គ្នា​ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ ក៏ដូចជា​មុខ​ជំនួញ​នានា​មាន​ភាព​ស្ថិតស្ថេរ​ និង​យូរអង្វែង​”។

ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​នៅពេល​នេះ​បាន​ជួយ​ជំរុញ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ទូទាំង​ខេត្ត​ប្រមាណ​ ១០.៣ភាគរយ​ ខណៈ​ដែល​កំណើន​ GDP​ មាន​ប្រមាណ​ ៣៧២៦ដុល្លារ​ សម្រាប់​មនុស្សម្នាក់​។

ដោយឡែក​នៅ​ឆ្នាំ​បន្ទាប់​ ២០២០ខាងមុខនេះ​ គេ​រំពឹង​ថា​ កំណើន​សេដ្ឋកិច្ច​នឹង​នៅតែ​អាច​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ដដែល​ ស្រ​ពេល​ដែល​គម្រោង​វិនិយោគ​ធំ​ដែល​មានតម្លៃ​រាប់ពាន់​ដុល្លារ​កំពុង​សម្រុកចូល​ជាបន្តបន្ទាប់​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here