ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​អាមេរិក​ បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​វិស័យ​ថាមពល​នៅ​កម្ពុជា

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ភ្ជាប់​ទៅ​នឹង​ក្ដី​កង្វល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ប្រឈម​ទៅ​នឹង​ភាព​ខ្វះខាត​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ​ ដើម្បី​រួម​វិភាគទាន​។

ថ្លែង​នៅក្នុង​ឱកាស​នៃ​ការ​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ទីស្ដីការ​ក្រសួង​ កាលពី​ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ លោក​ ប៉ា​ទ្រី​ក មើ​ហ្វី​ (W.Patric​ Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​អាមេរិក​ជី​អ៊ី​ (GE​) ដែល​ជា​ក្រុមហ៊ុន​អាមេរិក​ដ៏​ធំ​មួយ​ មានបំណង​ចង់​ចូលរួម​ ក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា​ ដើម្បី​រួម​វិភាគទាន​លើ​ការ​ខ្វះខាត​អគ្គីស​នី​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​អាមេរិក​ GE​ គឺជា​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ និង​មានបទពិសោធន៍​ខ្ពស់​នៅក្នុង​វិស័យ​ថាមពល​ ដូច្នេះ​ស្រប​ពេល​កម្ពុជា​កំពុង​ជួប​ភាព​ខ្វះខាត​ ក្រុមហ៊ុន​មួយ​នេះ​បាន​បង្ហាញ​ពី​ចំ​នាប់​អារម្មណ៍​ចូល​មកកាន់​កម្ពុជា​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​”។

លោក​បាន​បន្ថែម​ទៀត​ថា​ “ក្នុងរយៈពេល​ដ៏​ខ្លី​ដែល​លោក​ បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​ លោក​យល់ឃើញ​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ជាច​លក​រមួយ​ដ៏​សំខាន់​ នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ស្ថានទូត​អាមេរិក​ នឹង​រៀបចំ​វេទិកា​ស្ដី​ពី​កសិ​-ឧស្សាហកម្ម​ នៅ​ខែកុម្ភៈ​ ឆ្នាំ២០២០​ ហើយនឹង​អញ្ជើញ​ក្រសួង​ពាណិជ្ជកម្ម​ចូលរួម​ក្នុង​វេទិកា​នេះ​”។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​ជំនាញ​ខាងលើ​នេះ​។

ជាមួយគ្នា​នេះ​ លោក​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ “បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​អង្គការ​ការងារ​អន្តរជាតិ​ (ILO​) និង​សមាគម​រោងចក្រ​ កាត់ដេរ​នៅ​កម្ពុជា​ ស្ដីពី​ កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ ដើម្បី​បន្ត​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​ ដែល​ទទួលស្គាល់​ស្តង់ដារ​ការងារ​ជា​អន្តរជាតិ​។

ការអនុវត្ត​គម្រោង​រោងចក្រ​ កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ ហើយក៏​បាន​ទាក់ទាញ​វិនិយោគទុន​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​សម្រាប់​កម្មករ​-កម្មការិនី​ ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​។

លោក​រដ្ឋមន្ត្រី​ ក៏បាន​សម្ដែង​ការ​សរសើរ​ ចំពោះ​ការចូលរួម​លើ​ការ​ ពង្រឹង​ស្ដ​ង់​ដារ​ការងារ​ដោយក្រុម​ហ៊ុន​អាមេរិក​ ដែល​បាន​វិនិយោគទុន​នៅ​កម្ពុជា​ ហើយក៏​សំណូមពរ​ឲ្យ​មានការ​កៀរគរ​ វិនិយោគទុន​បន្ថែម​ទៀត​ លើ​វិស័យ​ដែល​បង្កើត​តម្លៃ​ និង​ជំនាញ​បន្ថែម​ដូចជា​ កែច្នៃ​កសិផល​ កែច្នៃ​ត្បូងពេជ្រ​ កម្មន្ដសាល​ធន់​ស្រាល​ អេឡិចត្រូនិក​ -ល-៕

LEAVE A REPLY

Please enter your comment!
Please enter your name here