ដោយ វុត្ថា
ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងរៀបចំកម្មវិធី Real Estate Business Support Program ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលគេហទំព័រ propertyarea.asia ទទួលបាននៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនសមាជិកសមាគមផ្នែកពាណិជ្ជកម្មដូចជា៖
-->
១. ការរៀបចំធ្វើផែនការយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន
២. ការគ្រប់គ្រងភា្នក់ងារអចលនវត្ថុ
៣. ការរៀបចំធ្វើការងារប្រចាំថ្ងៃ
៤. និងការប្រឹក្សាយោបល់នានាដើម្បីជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនសមាជិក ទាំងអស់ឲ្យកាន់តែប្រសើរឡើង ។
លោក ឡុង គឹមសួគ៌ អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ Century21 Advanced Property និងជាវាគ្មិនដ៏សំខាន់មួយរូបនៅក្នុងកម្មវិធី Real Estate Business Support Program នេះ បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះគឺក្នុងគោលបំណងចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រង ជ្រើសរើសបុគ្គលិក ការចុះបញ្ជីការ និងតភ្ជាប់បណ្តាញទៅដល់ក្រុមហ៊ុនតូចៗ ដែលជាសមាជិករបស់សមាគម។
លោកបន្តថា “ក្នុងនាមយើងជាក្រុមហ៊ុនរឹងមាំហើយ ឬក្រុមហ៊ុនដែលបានបង្កើតមុន ឬក្រុមហ៊ុនធំ យើងជួយគាំទ្រ ផ្តល់បទពិសោធន៍ទៅឱ្យក្រុមហ៊ុនតូចៗ ឱ្យពួកគាត់ទៅមុខដូចយើងដែរ “។
លោកបញ្ជាក់ទៀតថា “សម្រាប់ការចូលរួមនៅក្នុងកម្មវិធីនេះវិញ លុះត្រាតែជាសមាជិករបស់សមាគម ទើបមានសិទ្ធិចូលរួមបាន ហើយអ្នកដែលចូលរួមបានហ្នឹងទៀតសោតក៏ជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន ឬជាម្ចាស់ក្រុមផ្ទាល់” ។
លោក ឡុង គឹមសួគ៌ បន្តទៀតថា “កម្មវិធីនេះ នឹងត្រូវរៀបចំជារៀងរហូតដោយមិនកំណត់នោះទេ ឱ្យតែមានក្រុមហ៊ុនស្នើសុំ ឬសុំជំនួយផ្សេងៗ យើងនឹងរៀបចំជូនពួកគាត់ ។ ឱ្យតែមានក្រុមហ៊ុន ៣ ឬ ៤ ក្រុមហ៊ុន យើងធ្វើម្តង ហើយនៅខែក្រោយបើមានក្រុមហ៊ុនស្នើសុំទៀត យើងរៀបចំធ្វើទៀត”៕
