ដោយ វុត្ថា
ភ្នំពេញៈ ប្រជាពលរដ្ឋ និងនីតិវិបុគ្គលសាធារណៈផ្សេងៗ គឺជាម្ចាស់ដីរដ្ឋទាំងអស់។ ដីសាធារណៈរបស់រដ្ឋ នឹងត្រូវគ្រប់គ្រងដោយក្រសួងឬ ស្ថាប័នឬអង្គភាពដែលមានអាណត្តិជាប់នឹងប្រយោជន៍សាធារណៈនោះ ឬជាប់នឹងការប្រើប្រាស់ជាសាធារណៈនូវតំបន់ជាក់លាក់ណាមួយនៃដីសាធារណៈរបស់រដ្ឋ។
យោងតាឯកសារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី គោលនយោបាយស្តីពីការគ្រប់គ្រងដីរដ្ឋបានឱ្យដឹងថា ក្រសួង ឬស្ថាប័ន ឬអង្គភាពនីមួយៗ នឹងមានសិទ្ធិផ្ទេរអំណាចគ្រប់គ្រង ទ្រព្យសាធារណៈមួយបន្តទៀត ដោយផ្អែកលើកិច្ចន្យាជាលាយលក្ខអក្សរ នៃការទទួលខុសត្រូវគ្រប់គ្រង រាប់ទាំងលក្ខណៈជាក់លាក់នៃទ្រព្យដែលត្រូវផ្ទេរ ដោយយោងតាមលក្ខខណ្ឌច្បាប់។
អនុក្រឹត្យនេះ នឹងកំណត់នូវការរៀបចំស្ថាប័នគ្រប់គ្រងដីរដ្ឋ ដែលយកច្បាប់ភូមិបាល និងច្បាប់ពាក់ព័ន្ធដទៃទៀតមកពិចារណា។ ដីសាធារណៈរបស់រដ្ឋ នឹងត្រូវគ្រប់គ្រងដោយក្រសួង ឬអាជ្ញាធរដែលក្នុងអាណត្តិរបស់ខ្លួន មានពាក់ព័ន្ធនឹងផលប្រយោជន៍ឬការប្រើប្រាស់ជាសាធារណៈ។ ដីឯកជនរបស់រដ្ឋ ត្រូវគ្រប់គ្រងដោយគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្តក្រុង។
គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត ក្រុងត្រូវបានប្រគលសិទ្ធិឱ្យមានមតិសម្រេចលើទីតាំងសម្បទានដីសង្គមកិច្ច និងសម្បទានដីសេដ្ឋកិច្ច ស្របតាមនីតិវិធីដែលបានបង្កើតសំរាប់ការផ្ទេរដីនេះ។ គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្តនឹងមានអំណាចផ្ទេរការទទួលខុសត្រូវ លើការគ្រប់គ្រងដីឯកជនរបស់រដ្ឋ ទៅឱ្យអង្គភាពសាធារណៈផ្សេងទៀត ; ប៉ុន្តែមិនអាចផ្ទេរសិទ្ធិលក់ ជួល ឬសិទ្ធិប្រគល់ដីទៅឱ្យអង្គភាពសាធារណៈដទៃទៀតឡើយ។
គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្តនីមួយៗ នឹងទទួលខុសត្រូវចំពោះការកសាងផែនការប្រើប្រាស់ដីថ្នាក់ខេត្តក្រុង ដែលបង្កើតផែនការប្រើប្រាស់
ដីសាធារណៈរបស់រដ្ឋ ដោយការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងត្រូវបានទទួលការយល់ព្រមពីក្រុមប្រឹក្សាគោលនយោបាយដីធ្លី។ គ្មានការប្រើប្រាស់ដីរដ្ឋផ្ទុយពីផែនការប្រើប្រាស់ដី អាចត្រូវបានអនុញ្ញាតឡើយ។ ប៉ុន្តែ ផែនការប្រើប្រាស់ដីនេះ ក៏អាចធ្វើកែប្រែបានដោយគណៈកម្មកាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រុង ក្រោមការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំសង្កាត់ និងដោយគ្មានការជំទាស់ពីក្រុមប្រឹក្សាគោលនយោបាយដីធ្លី។
ការបែងចែកដីនៅក្នុងបរិបទនេះមានន័យថា ជាការចាត់ចែងដីរបស់រដ្ឋសម្រាប់គោលដៅផ្សេងៗ។ មានតែដីឯកជនរបស់រដ្ឋប៉ុណ្ណោះ ដែលអាចធ្វើការបែងចែកបាន ។ ដីសាធារណៈរបស់រដ្ឋ អាចធ្វើការបែងចែកបាន លុះត្រាតែបានធ្វើចំណាច់ថ្នាក់ឡើងវិញមកជាដីឯកជនរបស់រដ្ឋជាមុនសិន។
ដោយហេតុថា ដីត្រូវតែធ្វើចំណាត់ថ្នាក់ឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយមុនឹងនឹងធ្វើចំណាតថ្នាក់ដីនេះ ត្រូវតែបានចុះបញ្ជីជាមុនសិន។ ដូច្នេះគឺមានតែដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយទេ ដែលអាចបែងចែកបាន។ ដីឯកជនរបស់រដ្ឋ អាចបែងចែកសម្រាប់ការប្រើប្រាស់ ជាទ្រព្យសម្បត្តិរដ្ឋ ជាទ្រព្យខេត្តក្រុង ឬជាទ្រព្យសហគមន៍ និងសំរាប់អង្គភាពឯកជន។
ការបែងចែកសំរាប់អង្គភាពឯកជន អាចធ្វើទៅបានតាមរយៈសម្បទាន ដោយអនុលោមតាមអនុក្រឹត្យពាក់ព័ន្ឋ ឬតាមរយៈភតិសន្យា(ការជួល) ដែលនឹងមានព័រណ៌នានៅក្នុងអនុក្រឹត្យ ។ យោងតាមច្បាប់ភូមិបាល ដីឯកជនរបស់រដ្ឋអាចជាកម្មវត្ថុ នៃភិតសន្យា ។ បទបញ្ជាបច្ចុប្បន្ននៃភិតិសន្យា គឺផ្អែកលើបរទបញ្ជាលេខ ៣០ បប/ ១៩៩៧៕