ចំណេះដឹង​! តើ​ការគ្រប់គ្រង​និង​ការបែងចែក​ដី​រដ្ឋ​ត្រូវ​អនុវត្ត​ដូចម្តេច​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ប្រជាពលរដ្ឋ​ និង​នីតិ​វិ​បុគ្គល​សា​ធា​រណៈ​ផ្សេង​ៗ គឺជា​ម្ចាស់ដី​រដ្ឋ​ទាំងអស់​។ ដី​សាធារណៈ​របស់​រដ្ឋ​ នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួង​ឬ ស្ថាប័ន​ឬអង្គភាព​ដែល​មាន​អាណត្តិ​ជាប់នឹង​ប្រយោជន៍​សាធារណៈ​នោះ​ ឬជាប់នឹង​ការប្រើ​ប្រាស់​ជា​សាធារណៈ​នូវ​តំបន់​ជាក់លាក់​ណាមួយ​នៃ​ដី​សាធារណៈ​របស់​រដ្ឋ​។

យោង​តាឯក​សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​ គោលនយោបាយ​ស្តី​ពី​ការគ្រប់គ្រង​ដី​រដ្ឋ​បានឱ្យ​ដឹង​ថា​ ក្រសួង​ ឬស្ថាប័ន​ ឬអង្គភាព​នី​មួយ​ៗ នឹង​មាន​សិទ្ធិ​ផ្ទេរអំណាច​គ្រប់គ្រង​ ទ្រព្យសាធារណៈ​មួយ​បន្ត​ទៀត​ ដោយ​ផ្អែកលើ​កិ​ច្ច​ន្យា​ជា​លាយ​លក្ខ​អក្សរ​ នៃ​ការទទួលខុសត្រូវ​គ្រប់គ្រង​ រាប់ទាំង​លក្ខណៈ​ជាក់លាក់​នៃ​ទ្រព្យ​ដែល​ត្រូវ​ផ្ទេរ​ ដោយ​យោង​តាម​លក្ខខណ្ឌ​ច្បាប់​។

អនុក្រឹត្យ​នេះ​ នឹង​កំណត់​នូវ​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ដី​រដ្ឋ​ ដែល​យក​ច្បាប់​ភូមិបាល​ និង​ច្បាប់​ពាក់ព័ន្ធ​ដទៃទៀត​មក​ពិចារណា​។ ដី​សាធារណៈ​របស់​រដ្ឋ​ នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួង​ ឬអាជ្ញាធរ​ដែល​ក្នុង​អាណត្តិ​របស់​ខ្លួន​ មាន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ឬការប្រើ​ប្រាស់​ជា​សាធារណៈ​។ ដី​ឯកជន​របស់​រដ្ឋ​ ត្រូវ​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ក្រុង​។

គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​ ក្រុង​ត្រូវ​បា​នប្រ​គលសិទ្ធិ​ឱ្យ​មាន​មតិ​សម្រេច​លើ​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​ និង​សម្បទាន​ដី​សេដ្ឋកិច្ច​ ស្របតាម​នីតិវិធី​ដែល​បាន​បង្កើត​សំរាប់​ការផ្ទេរ​ដី​នេះ​។ គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​នឹង​មានអំណាច​ផ្ទេរ​ការទទួលខុសត្រូវ​ លើ​ការគ្រប់គ្រង​ដី​ឯកជន​របស់​រដ្ឋ​ ទៅ​ឱ្យ​អង្គភាព​សាធារណៈ​ផ្សេងទៀត​ ​; ប៉ុន្តែ​មិន​អាច​ផ្ទេរសិទ្ធិ​លក់​ ជួល​ ឬសិទ្ធិ​ប្រគល់​ដី​ទៅ​ឱ្យ​អង្គភាព​សាធារណៈ​ដទៃទៀត​ឡើយ​។

គណៈកម្មាធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ថ្នាក់​ខេត្ត​នី​មួយ​ៗ នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​កសាង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់​ខេត្ត​ក្រុង​ ដែល​បង្កើត​ផែនការ​ប្រើប្រាស់​

ដី​សាធារណៈ​របស់​រដ្ឋ​ ដោយ​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​ត្រូវ​បាន​ទទួលការ​យល់ព្រម​ពី​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​។ គ្មាន​ការប្រើ​ប្រាស់​ដី​រដ្ឋ​ផ្ទុយពី​ផែនការ​ប្រើប្រាស់​ដី​ អាច​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។ ប៉ុន្តែ​ ផែនការ​ប្រើប្រាស់​ដី​នេះ​ ក៏អាច​ធ្វើ​កែប្រែ​បាន​ដោយ​គណៈកម្ម​កា​ធិការ​ប្រើប្រាស់​ និង​បែងចែក​ដី​ខេត្ត​ក្រុង​ ក្រោម​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ដោយ​គ្មាន​ការជំទាស់​ពី​ក្រុមប្រឹក្សា​គោលនយោបាយ​ដីធ្លី​។

ការបែងចែក​ដី​នៅក្នុង​បរិបទ​នេះ​មានន័យថា​ ជា​ការចាត់ចែង​ដី​របស់​រដ្ឋ​សម្រាប់​គោល​ដៅ​ផ្សេង​ៗ។ មានតែ​ដី​ឯកជន​របស់​រដ្ឋ​ប៉ុណ្ណោះ​ ដែល​អាច​ធ្វើការ​បែងចែក​បាន​ ។ ដី​សាធារណៈ​របស់​រដ្ឋ​ អាច​ធ្វើការ​បែងចែក​បាន​ លុះត្រាតែ​បាន​ធ្វើ​ចំ​ណាច់​ថ្នាក់​ឡើងវិញ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ​ជាមុន​សិន​។

ដោយហេតុថា​ ដី​ត្រូវតែ​ធ្វើ​ចំណាត់ថ្នាក់​ឱ្យទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​ ហើយ​មុ​នឹង​នឹង​ធ្វើ​ចំណា​តថ្នាក់​ដី​នេះ​ ត្រូវតែ​បាន​ចុះបញ្ជី​ជាមុន​សិន​។ ដូច្នេះ​គឺ​មានតែ​ដី​ឯកជន​របស់​រដ្ឋ​ ដែល​បាន​ចុះបញ្ជី​រួចហើយ​ទេ​ ដែល​អាច​បែងចែក​បាន​។ ដី​ឯកជន​របស់​រដ្ឋ​ អាច​បែងចែក​សម្រាប់​ការប្រើ​ប្រាស់​ ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ ជា​ទ្រព្យ​ខេត្ត​ក្រុង​ ឬជា​ទ្រព្យ​សហគមន៍​ និង​សំរាប់​អង្គភាព​ឯកជន​។

ការបែងចែក​សំរាប់​អង្គភាព​ឯកជន​ អាច​ធ្វើ​ទៅ​បាន​តាមរយៈ​សម្បទាន​ ដោយ​អនុលោម​តាម​អនុក្រឹត្យ​ពាក់​ព័ន្ឋ ឬតាមរយៈ​ភតិសន្យា​(ការជួល​) ដែល​នឹង​មាន​ព័រ​ណ៌​នា​នៅក្នុង​អនុក្រឹត្យ​ ។ យោង​តាមច្បាប់​ភូមិបាល​ ដី​ឯកជន​របស់​រដ្ឋ​អាច​ជា​កម្មវត្ថុ​ នៃ​ភិត​សន្យា​ ។ បទបញ្ជា​បច្ចុប្បន្ន​នៃ​ភិ​តិ​សន្យា​ គឺ​ផ្អែកលើ​បរទ​បញ្ជា​លេខ​ ៣០​ បប​/ ១៩៩៧​៕

LEAVE A REPLY

Please enter your comment!
Please enter your name here