ដោយៈ រ៉ាណេត
ព្រះសីហនុៈ ស្របទៅនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដ៏ល្បីឈ្មោះ Century21 Cambodia បានពង្រីកសាខាទី២៣ របស់ខ្លួន ដែលមានឈ្មោះថា Century21 Laymin Realty ប្រចាំខេត្តជាប់់មាត់សមុទ្រមួយនេះ។

-->
ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Laymin Realty នៅក្រុងព្រះសីហនុ ដែលជាសមាជិកនៃគ្រួសារ Century21 Cambodia ត្រូវបានប្រកាសបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ក្រោមវត្តមានរបស់អភិបាលខេត្តព្រះសីនុ គួច ចំរើន។
នាយិកាក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Reachny Fong បានមានប្រសាសន៍ថា ព្រះសីហនុ គឺជាខេត្តដ៏មានសក្ដានុពលសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន។
លោកស្រីបានបន្តទៀតថា “ការវិនិយោគនៅក្នុងខេត្តមួយនេះ មានសក្ដានុពលខ្លាំងទៅលើវិស័យអចលនទ្រព្យ ជាពិសេសវិស័យអគារពាណិជ្ជកម្ម លំនៅដ្ឋានសហកម្មសិទ្ធិ ដូចជាខុនដូ និងអាផាតមិនជាដើម។ បន្ថែមពីនេះ ការវិនិយោគលើវិស័យសណ្ឋាគារកម្រិតអន្តរជាតិក៏មានភាពប្រសើរផងដែរ”។
លោកស្រីបានបន្តទៀតថា “នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ខេត្តព្រះសីហនុនឹងប្រែរូបរាង ទៅជាតំបន់ដែលរំលេចទៅសំណង់អាគារខ្ពស់ៗ ស្អេកស្កះ ស្ទើរគ្រប់ទីកន្លែង ក្រោមការសម្រុកវិនិយោគពីសំណាក់ក្រុមហ៊ុនអន្តរជាតិធំៗ ជាពិសេសការវិនិយោគរបស់ក្រុមហ៊ុនមកពីប្រទេសចិន ដោយសារតែព្រះសីហនុជាតំបន់ដែលអំណោយផលទាំងកត្តាភូមិសាស្ត្រសេដ្ឋកិច្ច និងធម្មជាតិ”។

លោកស្រី Grace Rachny Fong បានបន្តថា ក្រៅពីជាតំបន់សមុទ្រដែលស្ថិតនៅក្នុងក្ដីប្រាថ្នាការវិនិយោគរបស់ជនជាតិចិន នៅមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង មានផែស្ងួត មានកំពង់ផែទឹកជ្រៅ ផ្តល់ភាពងាយស្រួលក្នុងដឹកជញ្ជូនទំនិញឆ្លងដែនឆ្ពោះទៅភ្ជាប់ជាមួយកំពង់ផែអន្តរជាតិនានានៅលើពិភពលោក។
លោកស្រីបន្តថា ដោយសារសម្លឹងឃើញពីការអភិវឌ្ឍ និងសក្ដានុពលនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Laymin Realty ដែលជាការិយាល័យទី២៣ របស់ Century21 Cambodia និងជាការិយាល័យលើកដំបូងនៅក្រុងព្រះសីហនុ បានសម្រេចបើកសម្ពោធដំណើរការជាផ្លូវការ ដើម្បីចូលរួមបម្រើនៅក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាបង្កើនទំនុកកាន់តែខ្លាំង នៅក្នុងវិស័យមួយនេះ ចំពោះបណ្តាក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិផងដែរ”។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបង្ហាញពីក្ដីសាទរចំពោះវត្តមានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Laymin Realty រួមជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង ចំពោះដំណើរប្រតិបត្តិការរវាងក្រុមហ៊ុន និងរដ្ឋបាលខេត្តក្នុងនាមជាអាជ្ញាធរ។
លោកបានបន្តទៀតថា “វត្តមានរបស់ក្រុមហ៊ុនអន្តរជាតិនានានៅក្នុងខេត្ត គឺបានបង្ហាញពីភាពរីកចម្រើន ក៏ដូចជាសក្ដានុពលនៅក្នុងខេត្តផងដែរ”។លោកបន្តថា “នៅពេលដែលមានក្រុមហ៊ុនអន្តរជាតិចូលនៅក្នុងទីផ្សារមួយ គឺបានបញ្ជាក់ពីទំនុកចិត្តនៅក្នុងប្រទេសរួចបាត់ទៅហើយ”។
បច្ចុប្បន្ននេះ នៅទូទាំងខេត្តព្រះសីហនុ វិស័យអចលនទ្រព្យ និងវិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលគិតត្រឹមអគារដែលមានកម្ពស់ខ្ពស់ៗចាប់ពីកម្ពស់ ៥ជាន់ឡើងទៅ មានរហូដល់ប្រមាណ ៨០០គម្រោង ដែលក្នុងនោះគម្រោងចំនួន២២៩ បានបញ្ចប់ការសាងសង់ជាស្ថាពរ។

កាលពីឆ្នាំ២០១៨ ទុនវិនិយោគលើវិស័យសំណង់ នៅខេត្តព្រះសីហនុមានទឹកប្រាក់ជាង ១០០០លានដុល្លារ ហើយនៅឆ្នាំ២០១៩ ក៏មានជាង ១០០០លានដុល្លារផងដែរ ជាមួយនឹងក្ដីរំពឹងថា នឹងបន្តកំណើនទុនវិនិយោគបន្ថែមទៀត នៅឆ្នាំបន្ទាប់ខាងមុខនេះ៕