ខេត្តសៀមរាប​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​បណ្តា​ខេត្ត​-ក្រុង​នៃ​ប្រទេស​ចិន​ចំនួន២៨​

0

ដោយ​ វុត្ថា​

សៀមរាប​៖ រហូតមកដល់​ពេលនេះ​ ខេត្តសៀមរាប​បាន​ធ្វើការ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​បណ្តា​ខេត្ត​-ក្រុង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ចំនួន​ ២៨ខេត្ត​-ក្រុង​ ស្របតាម​រយ:ការ​ដាក់ចេញ​នូវ​គោលនយោបាយ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ ខ្សែក្រវាត់​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​ អ៊ា​ន ឃុន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី​នៃ​ខេត្តសៀមរាប​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​គណប្រតិភូ​ខេ​ត្ត​ជាំ​ងស៊ី​ កាលពី​ថ្ងៃទី​ ២៥​ ខែវិច្ឆិកា​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​ថាតាម​រយ:ការ​ចងសម្ព័ន្ធ​មេត្រីភាព​នេះ​ បាន​ធ្វើឲ្យ​ខេត្តសៀមរាប​ទទួល​បាន​នូវ​ការ​ជួយឧបត្ថម្ភ​គាំទ្រ​នានា​ ក៏ដូចជា​ អត្ថ​ប្រយោជន៍​ផ្សេង​ៗ ទៀត​ មាន​ដូចជា​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ការ​ជួសជុល​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ៦​ ដែល​តភ្ជាប់​ខេត្តសៀមរាប​ ទៅកាន់​រាជធានី​ភ្នំពេញ​ ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ក្នុង​ខេត្ត​ ការ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ចំពោះ​ប្រជាជន​ក្រីក្រ​ក្នុង​ខេត្ត​ ការបង្កើត​កសិដ្ឋាន​កសិកម្ម​ និង​បណ្តុះបណ្តាល​ ជំនាញ​ ការ​ផ្តល់​អាហារូបករណ៍​ ដល់​សិស្ស​-និស្សិត​នៅក្នុង​ខេត្តសៀមរាប​ឲ្យ​ទៅ​ សិក្សា​បន្ត​នៅ​ប្រទេស​ចិន​ និង​ការជំរុញ​ភ្ញៀវ​ទេសចរ​ ចិន​ឲ្យ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​។

លោក​បន្ត​ទៀត​ថា​ តាម​រយ:ការ​ដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ ខ្សែក្រវាត់​មួយ​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​ផង​ដែរ​ គឺ​បាន​រួមចំណែក​យ៉ាងសកម្ម​ ដល់​ការជំរុញ​កិច្ច​អភិវឌ្ឍ​តំបន់​ និង​សកល​ ហើយ​គំនិត​ផ្តួចផ្តើម​នេះ​ គឺជា​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ ក៏ដូចជា​ នៅក្នុង​សកលលោក​ ហើយក៏​ជា​យន្តការ​មួយ​ដែល​ផ្តល់​នូវ​ធនធាន​ ដល់​ប្រទេស​ នានា​លើស​កល​លោក​ ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​សម្រាប់​បំពេញ​គម្លាត​តម្រូវការ​ ហិរញ្ញប្បទាន​ ដើម្បី​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច​របស់​ខ្លួន​។

លោក​បញ្ជាក់​ទៀត​ថា​ ជាក់ស្តែង​ប្រទេស​កម្ពុជា​ គឺ​បាន​ទទួល​នូវ​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ តាម​រយ​: ការអនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​នេះ​ ដែល​ក្នុង​នោះ​រួមមាន​ ការ​កសាង​ ការ​ស្តារ​ និង​ជួសជុល​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ស្ពាន​ ព្រលា​នយន្តហោះ​ ផ្លូវ​ល្បឿន​លឿន​ កំពង់ផែ​ទឹកជ្រៅ​ ការ​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​វិនិយោគ​លើ​វិស័យ​សំណង់​ និង​ការ​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗទៀត​ ពីសំណាក់​វិនិយោគិន​ចិន​ រួម​ជាមួយនឹង​ការជំរុញ​អ្នកទេសចរ​ចិន​ឲ្យ​ចូល​ទៅ​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here