រដ្ឋាភិបាល​កូរ៉េ​បង្កើន​លទ្ធភាព​ផ្តល់​កម្ចី​ដល់​កម្ពុជា​រហូតដល់​ ៧០០លាន​ដុល្លារ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​របស់​កូរ៉េ​បានសម្រេច​បន្ត​ និង​បង្កើន​លទ្ធភាព​កម្ចី​ដល់​កម្ពុជា​រហូត ៧០០លាន​ដុល្លារ​ ខណៈ​ដែល​ការសម្រេច​នេះ​ ត្រូវ​បាន​ធ្វើឡើង​រវាង​ប្រមុខ​ការទូត​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​។

ប្រមុខ​ការទូត​របស់​ប្រទេស​ទាំង២​ បាន​គូសបញ្ជាក់​ពី​ការជំរុញ​កិច្ច​សហប្រតិបត្តិ​កា​ឱ្យ​កាន់តែ​ប្រសើរ​ ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ​ ដែល​ជា​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ តាមរយៈ​ការ​បង្កើន​កម្ចីសម្បទាន​ពី៣៥០លាន​ដុល្លារ​អាមេរិក​ ដល់៧០០លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ឆ្នាំ២០១៩​-២០២៣​។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ក្នុង​ជំនួប​រវាង​ លោក​ ប្រាក់​ សុ​ខុន​ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី​ កាង​ ឃ្យុង​-វ៉ា​ (Kang​ Kyung​-wha​) រដ្ឋមន្រ្តី​ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​ កាលពី​ល្ងាច​ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​។ នៅ​ចុងបញ្ចប់​នៃ​ជំនួប​នេះ​ រដ្ឋមន្រ្តី​ការបរទេស​ទាំងពីរ​បាន​ ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ ៥ផង​ដែរ​។

ឯកសារ​សំ​ខាន់​ៗទាំង៥​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទៅវិញទៅមក​នោះ​ រួមមាន​ ទី​ ១. កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​លុបបំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ និង​ពន្ធ​លើ​ប្រាក់ចំណូល​ និង​ការ​បង្ការ​ការ​គេច​ វេស​ពន្ធ​ និង​ការ​ចៀសវាង​ពន្ធ​ ទី២​ សន្ធិសញ្ញា​ស្តី​ពី​ការ​ជួយគ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។ ទី៣​ អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​។

ទី៤​. អនុស្សរណៈ​យោគយល់​គ្នា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​ វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ និង​ទី៥​. សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ការ​ ចាប់ផ្តើម​ការសិក្សា​រួមគ្នា​លើ​ លទ្ធភាព​ បង្កើត​ កិច្ច​ ព្រម​ ពាណិជ្ជកម្ម​សេរី​ កម្ពុជា​-សាធារណរដ្ឋ​កូរ៉េ​។

លោក​ប្រាក់​ សុ​ខុន​ បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-សា​ធារ​ណរដ្ឋ​ កូរ៉េ​លើក​ទី១​ ដែល​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​ ២៤​-២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទី​ក្រុង​ប៊ូ​សាន​ សាធារណរដ្ឋ​កូរ៉េ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here