ដោយ Donald Lee
ភ្នំពេញៈ រោងចក្រផលិតរថយន្តដំបូងបង្អស់របស់កូរ៉េខាងត្បូង នឹងដាក់ទីតាំងនៅតំបន់ Bekasi ឥណ្ឌូនេស៊ី។ នេះបើយោងតាមក្រុមហ៊ុន Hyundai Motor។
ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងមួយនេះ នឹងវិនិយោគទឹកប្រាក់ជាង១,៥០០លានដុល្លារនៅក្នុងរោងចក្រនេះ និងសម្រាប់ថ្លៃដើមប្រតិបត្តិការ។
សេចក្តីប្រកាសរបស់ក្រុមហ៊ុន Hyundai បានឱ្យដឹងថា “រោងចក្រនៅឥណ្ឌូនេស៊ីនឹងតំណាងឱ្យការវិនិយោគ លើទឹកប្រាក់ប្រមាណ១,៥៥ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០៣០ រួមទាំងការអភិវឌ្ឍផលិតផល និងថ្លៃដើមប្រតិបត្តិការ”។
រោងចក្រនេះនឹងបើកការដ្ឋាននៅខែក្រោយ ហើយរំពឹងថានឹងចាប់ផ្តើមផលិតកម្មពាណិជ្ជកម្មនៅឆ្នាំ២០២១។ ក្រុមហ៊ុនHyundaiស្មានថា រថយន្តចំនួន១៥០,០០០គ្រឿងនឹងអាចផលិតជារៀងរាល់ឆ្នាំ នៅរោងចក្រផលិតរថយន្តនេះ។
សេចក្តីប្រកាសបានបន្ថែមទៀតថា “ក្រុមហ៊ុន Hyundai មានផែនការផលិតរថយន្តប្រភេទ SUV ខ្នាតតូចប្រភេទ MPV និងរថយន្តម៉ូដែល Sedan ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជន នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ នៅឯរោងចក្រឥណ្ឌូនេស៊ីថ្មីដែលនឹងរួមបញ្ចូលនូវសម្ភារៈសម្រាប់បោះត្រា ការផ្សារ ការគូរ និងការដំឡើង”។
រោងចក្រផលិតរថយន្តនេះ ត្រូវបានរំពឹងថា នឹងបង្កើតការងារជាង២ម៉ឺនកន្លែង និងផ្តល់ចំណូល២០ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចឥណ្ឌូនេស៊ី ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឱ្យរំខានដល់បណ្តាញផ្គត់ផ្គង់និងទីផ្សារសំខាន់ៗ ហើយបានបង្ខំប្រទេស ដែលពឹងផ្អែកលើពាណិជ្ជកម្ម ដូចជា កូរ៉េខាងត្បូងប្តូរផលិតកម្ម និងការលក់ទៅតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Hyundai បានឱ្យដឹងថា “ដោយមានគោលបំណងបង្កើនល្បឿនបង្កើតវេទិកា សម្រាប់ការអភិវឌ្ឍផលិតផលមានស្ថេរភាព ផលិតកម្ម និងការលក់នៅឥណ្ឌូនេស៊ី និងទីផ្សារអាស៊ានធំទូលាយ។ ក្រុមហ៊ុន Hyundai នឹងបន្តយុទ្ធសាស្រ្តប្រកបដោយភាពច្នៃប្រឌិតថ្មី ដើម្បីទទួលបាននូវការប្រកួតប្រជែងលើដៃគូប្រកួតប្រជែង”។
ឥណ្ឌូនេស៊ីគឺជាទីផ្សាររថយន្តធំជាងគេ ក្នុងចំណោមបណ្តាអាស៊ានទាំងអស់ ដែលមានចំនួនរថយន្តជាង១លានគ្រឿងត្រូវបានលក់កាលពីឆ្នាំមុន។
ក្រុមហ៊ុន Hyundai បានបញ្ជាក់ថា “បណ្តាប្រទេសអាស៊ានសំខាន់ៗ រួមមាន ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី វៀតណាម និងសឹង្ហបូរីត្រូវបានរំពឹងថា នឹងបង្កើតទីផ្សាររថយន្តប្រមាណ ៤,៤៩លានគ្រឿងនៅឆ្នាំ២០២៦ ដែលកើនឡើងពី៣,១៦លានគ្រឿង នៅឆ្នាំ ២០១៧”។
សង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនកំពុងបន្តបានរំខានដល់ចង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោកដោយកូរ៉េខាងត្បូងជាប្រទេសមួយដែលរងការវាយប្រហារខ្លាំងជាងគេ ហើយកំពុងជំរុញឱ្យក្រុមហ៊ុនផលិតកម្មអន្តរជាតិផ្លាស់ប្តូរទីលំនៅចេញពីចិន។
លោក Ko Hyoung-kwon ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងត្បូងប្រចាំនៅ OECD បានមានប្រសាសន៍ថា “អាស៊ានគឺជាដៃគូធំទី ២ របស់កូរ៉េក្នុងការធ្វើពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន”។
លោកបានបន្ថែមថា “តំបន់នេះ គឺជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏សំខាន់ របស់កូរ៉េ។ រដ្ឋាភិបាលកូរ៉េបានចែករំលែកបទពិសោធន៍ អភិវឌ្ឍន៍របស់ខ្លួនយ៉ាងសកម្មជាមួយអាស៊ានដោយលើកឡើងថា “បង្រៀនចាប់ត្រីគឺប្រសើរជាងការឱ្យត្រី”៕






